(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងឧត្ដមភរិយា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញប្រារព្ធខួបប្រសូត្រគម្រប់១០០ឆ្នាំ និងបុណ្យទក្ខិណានុប្បទានខួបគម្រប់ ៤ឆ្នាំ ដើម្បីឧទ្ទិសមហាកុសលជូន ដួងវិញ្ញាណក្ខន្ធ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧទ្ទិសមហាកុសលជូន មហាឧបាសក លីន គ្រី។

ពិធីបុណ្យទក្ខិណានុប្បទានឧទ្ទិសមហាកុសលនេះ បានរៀបចំធ្វើឡើងនៅវត្តមុន្នីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ពិធីក៏មានការចូលរួមពី កូន ចៅ បងប្អូន ក្មួយៗ សាច់ញាតិជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីសម្តេច លោក លោកស្រី ជាឥស្សរជនជាន់ខ្ពស់នៃកម្ពុជាផងដែរ។

ក្នុងពិធីបុណ្យខាងលើនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច លោក លោកស្រីជាឥស្សរជនជាន់ខ្ពស់ បានអញ្ជើញបូជាទៀនធូប ផ្កាភ្ញី នំចំណីថ្វាយចំពោះ អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងឧបាសក លីន គ្រី ដើម្បីជាកិច្ចរំលឹកដល់គុណបុណ្យព្រះរតនត្រ័យ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនាដ៏រុងរឿងនៃយើង។

បន្ទាប់មកសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងកូនចៅ បានអញ្ជើញថ្វាយបង្គុំព្រះពុទ្ធរូប និងថ្វាយបង្គុំព្រះសង្ឃ ព្រមទាំងសមាទានសិល៍ ជាកិច្ចរំលឹកគុណបុណ្យព្រះរតនត្រ័យដ៏ខ្ពង់ខ្ពស់។

នទ្ទឹមនឹងនោះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចបវរធិបតី និងលោកជំទាវបណ្ឌិត ព្រមទាំងសម្តេច និងកូនចៅ ក្មួយៗទាំងអស់ អញ្ជើញរាប់បាត្រព្រះសង្ឃ ដើម្បីព្រះសង្ឃគ្រប់អង្គសូត្រ នូវធម៌សកប្បករុណាភិធម្មបង្សុកុល ជាកិច្ចឧទ្ទិសបញ្ជួននូវកុសលផលបុណ្យ ដែលកើតមានឡើងក្នុងថ្ងៃបុណ្យនេះ ជូនដល់វិញ្ញាណក្ខន្ធ អ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី វិញ្ញាណក្ខន្ធឧបាសក លីន គ្រី មាតាបិតាបង្កើត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងបុព្វការីជន មានមាតាបិតាញាតិការទាំងប្រាំពីរ សណ្តានទាំងអស់ របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសោយសុខក្នុងឋានបរមសុខ សុគតិភព កុំបីឃ្លាងឃ្លាតដោយប្រការណាមួយឡើយ៕