(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ មន្រ្តីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.»  បាននាំយកផលិតផល សាច់បង្កកហួសកាលបរិច្ឆេទប្រើប្រាស់ ខូចគុណភាព មានបរិមាណជាង១តោន ដែលបានចុះត្រួតពិនិត្យ និងបង្រ្កាបបាននៅក្នុងដើមសប្តាហ៍ទី១ ខែឧសភា ឆ្នាំ២០២៤ ទៅដុតបំផ្លាញចោល។

ការបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើងនៅទីលានចាក់សំរាម ស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម  និងមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងអជ្ញាធរខណ្ឌសែនសុខ។

លោក ញែម សុភាន់ អនុប្រធាន សាខា ក.ប.ប.រាជធានីភ្នំពេញ បានឲ្យដឹងថា អនុវត្តតាមអនុសាសន៍ណែនាំរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន ប្រតិភូរាជ រដ្ឋាភិបាលកម្ពជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. មន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដោយមានកិច្ចសហការចូលរួមពីអាជ្ញាធរមូលដ្ឋានខណ្ឌសែនសុខ  និងមន្រ្តីនៃមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ បានចុះបង្ក្រាបនិងដកហូត សាច់បង្កកទាំងនោះកាលពីនៅដើមខែឧសភា ឆ្នាំ២០២៤កន្លងទៅនេះ ។

លោកបានបន្តថា គោលបំណង នៃការចុះត្រួតពិនិត្យ ត្រូវបានផ្តោតសំខាន់ ទៅលើការស្វែងរកនូវវត្តមានសារធាតុគីមី​ហាមឃាត់ កង្វះអនាម័យ ដែលនាំដល់ការចម្លងចូលនូវបាក់តេរី និងមេរោគផ្សេងៗទៅលើផលិតផល សាច់ផលិតផលហួសកាលបរិច្ឆេទ ខូចគុណភាព គ្មានសុវត្ថិភាព និងភាពអនុលោមទៅនឹងបទប្បញ្ញត្តិបច្ចេកទេសជាធរមាន ពាក់ព័ន្ធនឹងលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ ដឹកជញ្ជូន និងស្តុកទុកជាដើម។

លោកអនុប្រធានសាខា ក.ប.ប. បានបញ្ជាក់ថា សាច់បង្កកខូចគុណភាព ដែលនាំយកមកបំផ្លាញចោលនាពេលនេះ ត្រូវបានមន្ត្រីស៊ើបអង្កេត នៃអគ្គនាយកដ្ឋាន ក.ប.ប នៃក្រសួងពាណិជ្ជកម្ម បង្ក្រាបបាននៅក្នុងភូមិសាស្រ្ត ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាដើមខែឧសភាកន្លងមកនេះរួមមាន៖ សាច់ពពែ, ស្បែកក្បាលជ្រូក, សាច់គោ, ទាមូល, សាច់មាន់, ភ្លៅមាន់, អណ្តាតជ្រូក និងពោះគោ៕