(ព្រៃវែង)៖ ខេត្តព្រៃវែង បាននាំចេញស្រូវក្រៅផ្លូវការ ទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន១,២៣៦,១៧៥តោន (រួមទាំងស្រូវឆ្លងកាត់) ក្នុងនោះ តម្លៃស្រូវសើមជាមធ្យម ស្រូវ IR504-04 តម្លៃ១,១៨០រៀល ក្នុង១គីឡូក្រាម ស្រូវ OM5451 តម្លៃ១,១៦០រៀល ក្នុង១គីឡូក្រាម ចំណូលសរុប៣៦៥,០៧២,៩៨១ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន២៤,៨៥៧តោន ចំណូលសរុប៦,៧៨៣,៣៩៤ដុល្លារ។

លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រៃវែង បានប្រាប់ឲ្យដឹងនៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤នេះថា ផលិតកម្មដំណាំស្រូវរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់អនុវត្តបានលើផ្ទៃដីព្រោះសរុប១៥៧,១៤១ហិកតា (ស្ទូងគ្មាន) ស្មើនឹង២០៩.៥២% នៃផែនការ៧៥,០០០ហិកតាក្នុងនោះអនុវត្តលើផ្ទៃដីស្រែវស្សា ៦៦,១៩១ហិកតា ស្មើនឹង៤២.១២% នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា ធៀបនឹងឆ្នាំមុន ខ្ពស់ជាង៣៧,៧៧២ហិកតា (គិតក្នុងរយៈពេលដូចគ្នា)។ ប្រមូលផលសរុប១៥៧,១៤១ហិកតា ស្មើនឹង១០០.០០%នៃផ្ទៃដីអនុវត្តបានសរុប១៥៧,១៤១ហិកតា បរិមាណផលសរុប៧៦២,៣៦៧តោន។

លោកបានបន្តថា ផលិតកម្មដំណាំសាកវប្បកម្ម និងដំណាំឧស្សាហកម្មរដូវប្រាំង (គិតត្រឹមថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤) បញ្ចប់ដំណាំសាកវប្បកម្ម មានបន្លែគ្រប់មុខ ពោតស ឪឡឹក និងម្ទេសគ្រប់មុខ សម្រេចបានលើផ្ទៃដីសរុប១,៥១២ហិកតា ស្មើនឹង១៩១.៣៩% នៃផែនការ៧៩០ហិកតា។ ប្រមូលផលសរុប១,៥១២ហិកតា បរិមាណផលសរុប២១,៩៦៤តោន។ ដំណាំឧស្សាហកម្ម មានពោតក្រហម សណ្ដែកបាយ សណ្ដែកដី ល្ង អំពៅ ដំឡូងមី និងឈូក សម្រេចបានលើ ផ្ទៃដីសរុប៣,២៨៧ហិកតា ស្មើនឹង៦៤.៣៩% នៃផែនការ៥,១០៥ហិកតា។ ប្រមូលផលសរុប៣,២៨៧ហិកតា បរិមាណផលសរុប៥៦,៦១៩តោន។

ជាមួយគ្នានេះ លោកបានបញ្ជាក់បន្ថែមថា បរិមាណផ្លែស្វាយស្រស់នាំចេញ ក្រៅផ្លូវការទៅប្រទេសវៀតណាម ចាប់ពីថ្ងៃទី១ខែមករា ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ សរុបមានចំនួន៨៩ ៨០៩តោន (រួមទាំងស្វាយឆ្លងកាត់)។ តម្លៃផ្លែស្វាយ ជាមធ្យម៥០៥រៀលគីឡូក្រាម ចំណូលសរុប១៤,៤៦៨,៣២៥ដុល្លារ។ ដោយឡែក ក្នុងសប្តាហ៍នេះ សរុបមានចំនួន៦,៩៣៧តោន ចំណូលសរុប ៨៥៣,៩៤៤ដុល្លារ។

សូមបញ្ជាក់ថា ការនាំស្រូវចេញ ទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារពីរសំខាន់ គឺច្រកទ្វាអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច និងច្រកទ្វារអន្តរជាតិកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង៕