(បន្ទាយមានជ័យ​)​៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនជនសង្ស័យចំនួន៣នាក់ រួមជាមួយវត្ថុតាងមួយចំនួនទៅសាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់ ករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន។

សូមបញ្ជាក់ថា នៅថ្ងៃទី៦​ ខែឧសភា​ ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ​ញៀន នៅចំណុចស្ពានទី៤ ស្ថិតក្នុងភូមិកំពង់ស្វាយ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ ពៅ សៀង អាយុ១៧ឆ្នាំ មុខរបរជាងដែក​ ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ (ជួញដូរ និងប្រើប្រាស់)
*ទី២៖ ឈ្មោះ ណាត សុភ័ក្រ អាយុ៣៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិគោរដ្ឋាន សង្កាត់អូរអំបិល (រក្សាទុក ប្រើប្រាស់)
*ទី៣៖ ឈ្មោះ ផេង រ៉ាវុធ ហៅ អាវុធ អាយុ១៨ឆ្នាំ មុខរបរកម្មករ ទីលំនៅបច្ចុប្បន្នភូមិសូភី សង្កាត់កំពង់ស្វាយ (ប្រើប្រាស់)​ ចាប់យកសម្ភារវត្ថុតាងរួមមាន​៖ គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៤ថង់កិប ទម្ងន់ ២២,៣៧ក្រាម,​ ម៉ូតូ ចំនួន ០៣គ្រឿង,​ ទូរស័ព្ទ ចំនួន ០៣គ្រឿង និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត។

លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា​ មុនឈានដល់ការបង្រា្កបករណីខាលើនេះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានទទួលព័ត៌មានពីប្រជាពលរដ្ឋថាមានករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនយ៉ាងសកម្ម នៅចំណុចខាងលើ។

ភ្លាមៗនោះលោកបានដឹកនាំកម្លាំងចុះទៅដល់ចំណុចកើតហេតុ​ ឃើញជនសង្ស័យ៥នាក់ កំពុងតែលក់ដូរគ្រឿងញៀន ហើយកម្លាំងក៏បានចុះឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់​។ ចំណែកជនសង្ស័យចំនួន០២នាក់ទៀត បានរត់គេចខ្លួនបាត់។ បន្ទាប់មកកម្លាំងបាននាំជនសង្ស័យទាំង៣នាក់ និងវត្ថុតាងដកហូត មកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដើម្បីចាត់ការតាមនីតិវិធី។

ក្រោយឃាត់ខ្លួន​ និងសួរនាំរួច​ ជនសង្ស័យទាំង៣នាក់បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានជួញដូរ រក្សាទុក​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។ ដោយផ្អែកលើចម្លើយសារភាព​ និងមានវត្ថុតាងជាក់ស្តែង​ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង​ បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថ​ខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ឯក ជា​ តារា​ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀន​ បានឱ្យដឹងថា​ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ៕