(តាកែវ)៖ លោក ឈឹម ធី អភិបាលរងស្រុកអង្គរបូរី ខេត្តតាកែវ នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពី «កិច្ចការពារបេតិកភណ្ឌជាតិ» រៀបចំដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តតាកែវជូនដល់សិស្សានុសិស្សនៅវិទ្យាល័យ ហ៊ុន សែន អង្គរបូរី ស្ថិតនៅភូមិសាមគ្គី ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ សមសភាពប្រមាណជាង១០០នាក់។

ក្នុងនោះដែរលោកអភិបាលរងស្រុកបានផ្សព្វផ្សាយអំពី៖

១៖ គុណតម្លៃនៃសន្ដិភាព
២៖ ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណន-តេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រលើកទី១នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីកហ្វូណន-តេជោ ឲ្យសម្រេចបាននាពេលអនាគត និងបង្ហាញសារៈសំខាន់របស់គម្រោងនេះ
៣៖ បង្ហាញអំពីតួអង្គសំខាន់ៗទាំង៥ដែលប្អូនៗអាចទទួលបានលទ្ធផលប្រសើរក្នុងការសិក្សា
៤៖ ភារកិច្ចរបស់យុវជនជំនាន់នីមួយៗ
៥៖ បញ្ហាគ្រឿងញៀន
៦៖ ចូលរួមគោរពច្បាប់ចរាចរណ៍។

ក្នុងឱកាសនោះ លោកបានស្នើសុំឲ្យលោក លោកស្រី ជាគ្រូឧទ្ទេស និងប្អូនៗសិស្សានុសិស្សទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖

១៖ សូមលោក លោកស្រីដែលជាគ្រូឧទ្ទេសធ្វើបទបង្ហាញឲ្យបានច្បាស់លាស់ និងក្បោះក្បាយ
២៖ សិស្សានុសិស្សទំាងអស់ត្រូវយកចិត្តទុកដាក់ស្តាប់គ្រប់បទបង្ហាញដើម្បីទទួលបានចំណេះដឹងថ្មីៗនិងបទពិសោធន៍ ល្អៗពីលោកគ្រូ អ្នកគ្រូ បន្ថែមទៀតសម្រាប់យកទៅជាចំណេះដឹងឱ្យទទួលបានលទ្ធផលល្អ និងប្រសិទ្ធភាពខ្ពស់
៣៖ មិនទាន់ច្បាស់កន្លែងណាសូមសួរ កុំខ្មាស់អៀន
៤៖ ស្នើសុំឲ្យអ្នកសម្របសម្រួល ឲ្យលើកយកនូវបទពិសោធន៍ល្អៗបន្ថែមទៀត ដើម្បីផ្សារភ្ជាប់ជាមួយនឹងទ្រឹស្តី ជៀងវាងការសិក្សាដោយផ្តោតតែទៅលើទ្រឹស្តី។

ជាចុងក្រោយ លោកអភិបាលរងស្រុក ក៏បានផ្តល់ទស្សនៈមួយចំនួន ដែលយុវជនត្រូវឈរលើដូចខាងក្រោម៖

* ដើម្បីខ្លួនឯង​ គឺយុវជន​ ត្រូវខិតខំរៀនសូត្រ​ អភិវឌ្ឍសមត្ថភាព​ បទពិសោធន៍​ ចំណេះដឹង ជំនាញ​ និងមានការងារប្រាក់ចំណូល​ សម្រាប់ទ្រទ្រង់ជីវភាពខ្លួនឯង​
* ដើម្បីគ្រួសារ គឺត្រូវចេះស្រឡាញ់ក្រុមគ្រួសារ​ មនុស្សជុំវិញខ្លួន​ សាមគ្គីភាព​ ថែរក្សាគ្នា​ និងស្មោះត្រង់
* ដើម្បីសង្គមជាតិ គឺចេះថែរក្សាសុខភាព​ បរិច្ចាករបស់ទៅកាន់អ្នកខ្វះខាត​ ជួយដល់ការងារសង្គម មនុស្សធម៌ និងហ៊ានលះបង់ពេលវេលា កម្លាំងកាយចិត្ត​ ជូនជាតិមាតុភូមិ។

លោកអភិបាលរងស្រុកបានផ្ដល់នូវសៀវភៅ និងប៊ិកមួយចំនួនជូនដល់សិស្សានុសិស្សផងដែរ៕