(ក្រចេះ)៖ ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា ព្រះរាជាគណៈថ្នាក់កិត្តិយស នៃព្រះរាជាណាចក្រកម្ពុជា ព្រះអនុគណស្រុកសំបូរ ខេត្តក្រចេះ ព្រះចៅអធិការវត្តព្រះវិហារធំសសរ១០០ និងជាព្រះនាយកកម្រងសាលាពុទ្ធិកបឋមសិក្សា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ បានផ្តល់ឱវាទផ្តាំផ្ញើសមណសិស្ស ១០០អង្គនាក់ ត្រូវព្យាយាមប្រឹងប្រែង ខិតខំរៀនសូត្រ គោរពពេលវេលាសិក្សា និងគោរពវិន័យបទបញ្ជាផ្ទៃក្នុងវត្ត និងសាលារៀន ឱ្យបានល្អប្រសើរ ក្នុងនាមយើងជាអ្នកបួស និងជាអ្នកសិក្សា។

ការផ្ដល់ឱវាទផ្ដាំផ្ញើដល់សាមណេរសិស្ស និងមានសង្ឃដីកានេះធ្វើឡើងនៅក្នុងពិធីបើកបវេសនកាល ឆ្នាំសិក្សាថ្មី ព.ស.២៥៦៧-២៥៦៨ ឆ្នាំ២០២៤-២០២៥ សាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលមានទីតាំងនៅវត្តព្រះវិហារធំសសរ១០០ ស្ថិតនៅក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ព្រះសិរីសម្ភារ៍បណ្ឌិត អេង ផល្លា មានសង្ឃដិកាថា យោងតាមព្រះរាជសារ​ដ៏ខ្ពង់ខ្ពស់សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកស្ដីទី​នៃព្រះរាជាណាចក្រកម្ពុជា​ ព្រះអគ្គាធិការនៃអគ្គាធិការដ្ឋាន ពុទ្ធិកសិក្សាជាតិ​ បានកំណត់យកថ្ងៃទី៥ ខែឧសភា​ ជារៀងរាល់ឆ្នាំ​ ក៏ដូចជាឆ្នាំនេះដែរគឺជាថ្ងៃបើកបវេសនកាល ពុទ្ធិកសិក្សា​ជាតិសម្រាប់សមណសិស្ស-សិស្ស បានចូលសិក្សារៀនសូត្រទូទាំងប្រទេសកម្ពុជា។

ព្រះគ្រូមានសង្ឃដិកា បន្តរថា សមណសិស្ស-សិស្សគ្រប់អង្គនាក់ ដែលត្រូវសិក្សានៅសាលាពុទ្ធិក ត្រូវឆ្លងកាត់សាលាបាលីចំនួន៩ឆ្នាំ កម្រិតបឋម សិក្សា៣ឆ្នាំ អនុវិទ្យាល័យ៣ឆ្នាំ និងវិទ្យាល័យ៣ឆ្នាំ។ ក្នុងនោះសម្រាប់សាលាពុទ្ធិកបឋម សិក្សារបស់យើងការសិក្សាមាន ៣ថ្នាក់ឆ្នាំសិក្សា រួមបញ្ចូលធម្មវិន័យថ្នាក់ត្រី ធម្មវិន័យថ្នាក់ទោ និងធម្មវិន័យថ្នាក់ឯក សមណសិស្ស -សិស្ស គ្រប់អង្គ/នាក់ នឹងទទួលអត្ថប្រយោជន៍មានលក្ខណៈពិសេស ២យ៉ាងគឺ បានរៀនមុខវិជ្ជាផ្នែកធម្មវិន័យផង និងបានរៀនមុខវិជ្ជាចំណេះដឹងទូទៅ ខាងផ្នែកអាណាចក្រផង។

ជាពិសេសក្រោយបញ្ចប់ការសិក្សាពុទ្ធិកបឋមសិក្សា ៣ឆ្នាំ នៅវត្តព្រះវិហារធំសសរ១០០ នឹងទទួលបានវិញ្ញាបន បត្របញ្ជាក់ការសិក្សាចំនួន៤ គឺ៖ វិញ្ញាបនបត្រថ្នាក់ត្រី-ទោ-ឯក និងពុទ្ធិកបឋមសិក្សា (បាលីរង) ។

សាលាពុទ្ធិកបឋមសិក្សាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ស្រុកសំបូរ មានសមណសិស្ស ចំនួន ១០០អង្គនាក់ ក្នុងនោះ ថ្នាក់ឆ្នាំទី១ ចំនួន ៤០អង្គ /នាក់ ថ្នាក់ឆ្នាំទី២ ចំនួន ២៥ អង្គ / នាក់ ថ្នាក់ឆ្នាំទី៣ ចំនួន ២៥ អង្គ / នាក់ និងថ្នាក់ដឹកនាំគណៈគ្រប់គ្រងសាលា គ្រូបង្រៀនចំនួន១០ អង្គ / នាក់៕