(ស្វាយរៀង)៖ ក្មេងស្រី២នាក់បងប្អូន ខំតស៊ូដើររើសអេតចាយ ដើម្បីលក់យកប្រាក់ជួយឪពុកម្តាយ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងការសិក្សារៀនសូត្រ នៅរសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤នេះ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង បានចាត់ឲ្យលោកស្រី យក់​ ស៊ីណាត​ អភិបាលរងខេត្តស្វាយរៀង នាំយកអំណោយជូនដល់គ្រួសារក្រីក្រ​លោក យ៉ង់ ចន្ធី អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ និងមានប្រពន្ធឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ ដើររើសអេតចាយ ហើយកូនស្រីច្បងឈ្មោះ អ៊ុយ ស្រីរ័ត្ន អាយុ១៣ឆ្នាំ រៀនថ្នាក់ទី៦ នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១ រាល់ឆ្នាំ និងប្អូនស្រីឈ្មោះ ឆន ភីណា អាយុ១០ឆ្នាំ រៀននៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

អំណោយទាំងនោះរួមមាន៖​ អង្ករប្រាំបេស្មើនិង១២៥ គីឡូ​ក្រាម​ មី៥កេះ​ ទឹកស៊ីអ៊ីវ ៥យូរ​ ត្រីខ ៥យួរ​ និងថវិកា ២លានរៀល។

កុមារី ឆន ភីណា អាយុ១០ ឆ្នាំ រៀនថ្នាក់ទី០៥ នៅសាលាបឋមសិក្សា០២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង នាងបានរៀបរាប់ប្រាប់ទាំងមុខក្រៀមក្រមថា ដោយជីវភាពគ្រួសារក្រីក្រ ក្រៅម៉ោងសិក្សា រូបនាង និងបងស្រីតែងតែដើររើសអេតចាយ ដើម្បីលក់យកប្រាក់ឱ្យឪពុក ម្តាយផ្គត់ផ្គង់ជីវភាពក្នុងគ្រួសារ និងសម្រាប់ទិញសំលៀកបំពាក់ និងសម្ភារៈសិក្សា។ 

បើតាមបុរសជាឪពុក ឈ្មោះ យ៉ង់ ចន្ធីម អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ បានឲ្យដឹងថា គាត់មានប្រពន្ធឈ្មោះ អ៊ុយ សាខុម អាយុ៣៦ឆ្នាំ មុខរបរដើររើសអេតចាយ។ គាត់មានកូនស្រី២នាក់ កូនទី១៖ ឈ្មោះ អ៊ុយ ស្រីរត្ន័ អាយុ១៣ឆ្នាំ រៀនថ្នាក់ទី០៦ នៅសាលបឋមសិក្សា២ធ្នូ ជាសិស្សពូកែររៀនជាប់លេខ១ រាល់ឆ្នាំ និងកូនទី២៖ ឈ្មោះ ឆន ភីណា ភេទស្រីអាយុ១០ឆ្នាំរៀន នៅសាលាបឋមសិក្សា២ធ្នូ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។ 

បុរសជាឪពុកបានបន្តថា គាត់មានទីលំនៅភូមិឈូកឃុំក្រសាំង ស្រុករមាសហែក ដោយជីវភាពក្រីក្រ លំបាកក៏សម្រេចចិត្តនាំប្រពន្ធកូនមករស់នៅក្រុងស្វាយរៀង ដោយរូបគាត់ប្រកបមុខរបរជាកម្មករសំណង់ ចំណែកប្រពន្ធឱ្យដើររើសអេតចាយដើម្បីលក់ទិញអង្ករ ហូបប្រចាំថ្ងៃ។

លោកបានបញ្ជាក់ថា មុនដំបូងកាលពី៧ឆ្នាំមុន គឺរស់នៅតាមតង់កន្លែងធ្វើសំណង់ ដោយមានភ្លៀងខ្យល់ ពិបាកដល់កូនៗតូច ក៏សម្រេចចិត្តទៅជួលផ្ទះគេរស់នៅឯជាយក្រុងស្វាយរៀង ដើម្បីឲ្យកូនស្រីច្បង បានចូលរៀនផង ដោយម្ចាស់ផ្ទះគេគ្រាន់តែធ្វើខ្ទមតូច ឲ្យរស់នៅ ហើយចាំដីឱ្យគេផង គេយកថ្លៃផ្ទះ១ខែ ៨០,០០០រៀល ក្រោយមកគេក៏លែងជួលឱ្យនៅ ក៏ដើររកផ្ទះនៅបាន១ខែ២ខែ កន្លែងខ្លះនៅបាន១ឆ្នាំក៏គេឈប់ជួល ត្រូវដើររកផ្ទះជួលនៅទៀត។

លោកបានបន្តថា នៅឆ្នាំ២០២៤នេះ ម្ចាស់ផ្ទះគេទៅរស់នៅក្រុងបាវិត គេទុកផ្ទះចោល ពេលគេឃើញគាត់អត់ផ្ទះនៅក៏អាណិតបានជួលផ្ទះឈើ១ខ្នង ឲ្យរស់នៅ និងចាំផ្ទះឲ្យគេផង និងថែដំណាំ ឲ្យគេផង ដោយគេយកថ្លៃផ្ទះ១ខែ ១៥ម៉ឺនរៀល ដូច្នេះបើគិតទាំងថ្លៃភ្លើង ថ្លៃទឹក និងថ្លៃផ្ទះក្នុង១ខែត្រូវចំណាយប្រាក់ ២០ម៉ឺនរៀល។ ផ្ទះជួលរស់នៅសព្វថ្ងៃស្ថិតនៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ជាមួយគ្នានេះដែរ បុរសរូបនេះ បានបន្ថែមថា បច្ចុប្បន្នផ្នែកសំណង់ គេមិនសូវមានសាងសង់ គាត់ក៏មិនបានធ្វើសំណង់ទេ ជួនកាលទៅលីស៊ីម៉ង់ត៍ ឬលើកអីវ៉ាន់ឱ្យគេ ជួនក៏គ្មានអ្វីធ្វើ ដើរទៅចាំរកការងារធ្វើរអត់មាន។ ចំណែកស្ត្រីជាប្រពន្ធឈ្មោះ អ៊ុយ សាខុម និយាយថា គាត់ដើររើសអេតចាយ ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង១១ព្រឹក ត្រឡប់មកផ្ទះវិញដើម្បីដាំបាយធ្វើម្ហូបឱ្យកូនហូប ពេលកូនៗត្រឡប់មកពីររៀនវិញ។

ចំណែកកូនស្រីទាំងពីនាក់រៀន តែពេលព្រឹកទេ ដូច្នេះ ពេលរសៀលម៉ោង២និង០០នាទីគឺ ចេញទៅរើសអេតចាយដែរ រហូតម៉ោង០៧យប់ ទើបត្រឡប់មកផ្ទះវិញ ជួនកាលដើររើសមិនសូវបាន ក៏ទិញកំប៉ុងគេតាមផ្ទះ និងតាមតូបគេលក់ដូរគ្រឿងកំប៉ុង។ ហើយក្នុង១ថ្ងៃ ទាំងអស់គ្នា អេតចាយលក់បាន ១៥,០០០រៀលទៅ២ម៉ឺនរៀលប៉ុណ្ណោះ ដោយអ្នករើសអេតចាយច្រើន។ ដបទឹកសុទ្ធ ក្នុង ១គីឡូ៥០០រៀល បើរើសបានសំបកកំប៉ុង បានថ្លៃគួរសម១ តម្លៃ៥,០០០រៀល។

សព្វថ្ងៃអាណិតកូនៗ កូនៗចង់រៀនសូត្រ ម្តាយឪពុកគ្មានលទ្ធភាព បើនាំប្រពន្ធកូនទៅស្រុកវិញក៏មិនដឹងថារកស៊ីអី មករស់នៅទីក្រុង ថាងាយស្រួលរកការងារធ្វើ គឺមិនស្រួលទេបើគ្មានជំនាញ ដូច្នេះ មានតែតស៊ូ ទោះបីរកមួយថ្ងៃ បានហូបមួយថ្ងៃ ក៏ត្រូវតែតស៊ូ។ ហើយពេលនេះកូនៗនៅរៀនថ្នាក់បឋម ដល់ពេលរៀនដល់អនុវិទ្យាល័យគេរៀនព្រឹកល្ងាចមិនដឹងថាអាចទៅរួច ឬយ៉ាងណាទេ ក៏ប៉ុន្តែកូនៗ គេនិយាយថា នាងត្រូវតែតស៊ូ រៀនរហូតចប់ថ្នាក់ទី១២។

សូមបញ្ជាក់ថា បច្ចុប្បន្នក្មួយស្រីខ្វះ សំលៀកបំពាក់សិក្សា និងសម្ភារៈសិក្សា សូមសប្បុរស់ជនមេត្តា ជួយផ្តល់ថវិកាទិញសំលៀកបំពាក់ និងផ្តល់សម្ភារៈសិក្សាដល់ក្មេងស្រីទាំងពីរនាក់នេះផង៕