(ភ្នំពេញ)៖ លោក ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានលើកឡើងថា តាមរយៈវគ្គបណ្តុះបណ្តាលសង្គមកិច្ចនេះ យើងទទួលបានធាតុចូល ការចែករំលេកចំណេះដឹង និងតម្រង់ទិសគ្នាទៅវិញទៅមក ឲ្យកាន់តែច្បាស់លាស់ស៊ីជំរៅ ក្នុងការបំពេញភារកិច្ចឲ្យកាន់តែមានប្រសិទ្ធភាព ប្រកបដោយការទទួលខុសត្រូវ និងមនសិកាវិជ្ជាជីវៈ។ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច បានថ្លែងបែបនេះ ខណៈលោកអញ្ជើញចូលរួមក្នុងពិធីបិទវគ្គបណ្តុះបណ្តាលសង្គមកិច្ច រៀបចំឡើងនៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ រដ្ឋមន្រ្តី ជា សុមេធី បានលើកឡើងពីមតិយោបល់មួយចំនួន ជូនដល់វិទ្យាស្ថានជាតិសង្កមកិច្ច ដូចតទៅ៖

១៖ បន្តឲ្យមានវគ្គបណ្តុះបណ្តាលបន្ថែមទៀតដល់មន្រ្តីសង្គមកិច្ចទាំងអស់ ទាំងនៅថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងមន្រ្តីមូលដ្ឋានដែលជាតួអង្គអនុវត្តផ្ទាល់ក្នុងការផ្តល់សេវាដល់ប្រជាពលរដ្ឋ។

២៖ ត្រូវធ្វើទំនើបកម្មកម្មវិធីសិក្សាបន្ថែមទៀតតាមភាពចាំបាច់ ឲ្យសមស្របតាមការអភិវឌ្ឍវិស័យសង្គមកិច្ច និងពុហវិស័យផ្សេងៗ ទៀតនាពេលអនាគត ដូចការថែទាំមនុស្សចាស់ ស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន កិច្ចការពារកុមារជាដើម។

៣៖ ពង្រីកវិសាលភាពបណ្តុះបណ្តាល លើកកម្ពស់គុណភាព សមត្ថភាពរបស់និស្សិត បង្កើនការផ្សព្វផ្សាយអំពីវិទ្យាស្ថានលើប្រព័ន្ធមេឌាឲ្យបានទូលំទូលាយបន្ថែមទៀត ដើម្បីកំណើនចំនួននិស្សិតប្រចាំឆ្នាំ និងប្រែក្លាយធនធានទាំងនេះជាអ្នកសង្គមកិច្ចអាជីព សម្រាប់តម្រូវការរបស់វិស័យសង្គមកិច្ច ទាំងក្នុងផ្នែកសាធារណៈ ទាំងផ្នេកឯកជន និងអង្គការក្រៅរដ្ឋាភិបាល។

៤៖ រៀបចំឲ្យមានការទទួលគុណវុឌ្ឍជាតិ ពង្រីកសកម្មភាពសិក្សាស្រាវជ្រាវបញ្ហាសង្គមឲ្យទូលំទូលាយបន្ថែមទៀត ដើម្បីប្រែក្លាយជាមជ្ឈបណ្ឌលសិក្សាស្រាវជ្រាវ ជួយដល់ការរៀបគោលនយោបាយសម្រាប់អភិវឌ្ឍវិស័យសង្គមកិច្ច ស្របតាមវឌ្ឍនភាពគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់ និងសាកលលោក។

៥៖ ជំរុញឲ្យមានការស្នើសុំរៀបចំវគ្គបណ្តុះបណ្តាលគរុកោសល្យពីក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលស្គាល់និងផ្តល់ឋានៈដល់លោកគ្រូ អ្នកគ្រូ ស្របតាមកម្រិតជាអ្នកបណ្តុះបណ្តាលនៅឧត្តមសិក្សា ដូចគ្រឹះស្ថានសាធារណៈដទៃទៀត។

៦៖ សិក្សា និងរៀបចំបទដ្ឋានផ្លូច្បាប់ឲ្យបានគ្រប់ជ្រុងជ្រោយដោយមានឧកឧត្តម ម៉ៅ វណ្ណា ទីប្រឹក្សាអមក្រសួងសង្គមកិច្ច ជួយលើការងារនេះដើម្បីត្រៀមខ្លួនប្រែក្លាយវិទ្យាស្ថានសង្គមកិច្ច ឲ្យទៅជាគ្រឹះស្ថានសាធារណៈរដ្ឋបាលនាពេលខាងមុខ និងពង្រឹកឧត្តមភាពក្នុងការបណ្តុះបណ្តាលកម្រិតក្រោយឧត្តមផងដែរ។

ថ្លែងនៅក្នុងពិធីបិទនាពេលនោះ លោក វង្ស ភារៈ នាយករងទទួលបន្ទុកក្តាប់រួមវិទ្យាស្ថានសង្គមកិច្ច បានលើកឡើងថា វគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ចពិតជាទទួលបានលទ្ធផលជាវិជ្ជមាន ដែលជាបច្ច័យរួមចំណែកបំពេញចំណេះដឹងបន្ថែមលើការងារសង្គមកិច្ច សម្រាប់ធ្វើជាមូលដ្ឋានគ្រឹះក្នុងការសម្រេចចិត្ត ដើម្បីរៀបចំគោលនយោបាយអភិវឌ្ឍវិស័យសង្គមកិច្ចឲ្យកាន់តែរូកចម្រើន និងមានប្រសិទ្ធភាពឆ្លើយតបនេងតម្រូវការជាក់ស្តែងរបស់មុខសញ្ញាដែលជាជនរងគ្រោះ និងងាយរងគ្រោះ។

គួរបញ្ជាក់ថ វគ្គបណ្តុះបណ្តាលជំនាញសង្គមកិច្ច ត្រូវបានរៀបចំឡើងរយៈពេល០៩ថ្ងៃ ចាប់ពីថ្ងៃទី២២ ខែមេសា​ដល់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងគោលបំណង២ គឺទី១ ដើម្បីឆ្លើយតប ទៅនឹងអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលសម្តេចបានណែនាំឲ្យក្រសួងសង្គមកិច្ច រៀបចំវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តីគ្រប់លំដាប់ថ្នាក់បង្កើនចំនួន និងទទួលស្គាល់កម្លាំងសេវាសង្គមកិច្ច ព្រមជាមួយនឹងការៀបចំផែនការពង្រាយកម្លាំងសេវាសង្គមកិច្ច ទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ទី២ ដើម្បីផ្តល់ជូនថ្នាក់ដឹកនាំជាន់ខ្ពស់នូវការស្វែងយល់បន្ថែមអំពីអ្វីជាមូលដ្ឋានគ្រឹះនៃការងារសង្គមកិច្ច សម្រាប់យកមកធ្វើជាមូលដ្ឋានសម្រេចចិត្ត ក្នុងការអភិវឌ្ឍវិស័យសង្គមកិច្ច ឲ្យកាន់តែរីកចម្រើន និងមានប្រសិទ្ធភាពឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់ជនរងគ្រោះនិងងាយរងគ្រោះ៕