(ត្បូងឃ្មុំ)៖ ព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំ (ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការសាលាខេត្ត ប្រធាន-អនុប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ ព្រមទាំងអ្នកពាក់ព័ន្ធ។

នាឱកាសនោះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានអបអរសារទរ ដល់លោក ឡុង ធាម ក្នុងឱកាសដែលត្រូវបានរាជរដ្ឋាភិបាល តែងតាំជាប្រធានក្រុមប្រឹក្សាខេត្តថ្មី ព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ប្រធានក្រុមប្រឹក្សាខេត្ត ដែលលោកតែងតែចូលរួមក្នុងការត្រួតពិនិត្យនឹងចូលរួមលើកជាមតិយោបល់ក្នុងការដោះស្រាយបញ្ហារបស់ខេត្តត្បូងឃ្មុំ។

លោក បណ្ឌិតអភិបាលខេត្ត សង្កត់ធ្ងន់ផងដែរទាក់ទងនឹងបញ្ហាចំនួន៦ចំណុច ដែលបានលើកមកពិភាក្សាក្នុងអង្គប្រជុំ ដើម្បីឱ្យមន្ទីរអង្គភាពជុំវិញខេត្តរៀបចំផែនការដោះស្រាយ ដែលចំណុចទាំងនោះរួមមាន៖

ទី១៖ បញ្ហាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ
ទី២៖ បញ្ហាការចរាចរណ៍ទំនិញតាមបន្ទាត់ព្រំដែន
ទី៣៖ បញ្ហាបទល្មើសល្បែងស៊ីសងខុសច្បាប់
ទី៤៖ បញ្ហាក្មេងទំនើង
ទី៥៖ បញ្ហាការរុករានទន្រ្ទានតំបន់ដីព្រៃលិចទឹក
ទី៦៖ បញ្ហាការកែលម្អរបរិស្ថានដើម្បីកាត់បន្ថយគ្រោះមហន្តរាយធម្មជាតិ (ការដាំដើមឈើ ការថែរក្សាអនាម័យ ដើម្បីឈានឆ្ពោះទៅប្រកួតប្រជែង ភូមិឃុំមានភាពស្អាត ភាពបៃតង)។

ក្នុងឱកាសនោះ លោក ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តក៏បានសាទរនឹងគាំទ្រយ៉ាងពេញទំហឹងនៅប្រសាសន៍ របស់លោកបណ្ឌិត អភិបាលខេត្ត ដោយបានគូសបញ្ជាក់បន្ថែមទៀតថា «បញ្ហាទាំងអស់នេះគឺជាបញ្ហាចំបង នឹងជាបញ្ហារួម ដែលគ្រប់មន្ទីរអង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធគប្បីចូលរួមធ្វើការដោះស្រាយ»។

ប្រធានក្រុមប្រឹក្សាខេត្តក៏បានសុំជាមតិយោបល់ពីមន្ទីរ អង្គភាពជុំវិញខេត្តដែលពាក់ព័ន្ធ ព្រមទាំងបានត្រួតពិនិត្យ និងអនុម័តលើរបាយការណ៍ដែលមន្ទីរអង្គភាពជុំវិញខេត្តបានដាក់ជូន។

គួរបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៦០ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំឆ្នាំ២០២៤ គឺធ្វើឡើងដើម្បីពិនិត្យនិងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំ ក៏ដូចជាធ្វើការពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍រីកចម្រើន ប្រចាំខែ មេសា ឆ្នាំ២០២៤ និងពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងផែនការ និងរៀបចំវេទិការរវាង រាជរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ដើម្បីចូលរួមសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ៕