(ព្រះវិហារ)៖ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានថ្លែងថា មេដឹកនាំដែលល្អ គឺជាមេដឹកនាំដែលបន្សល់ទុកនូវពាក្យ «នៅឱ្យគេស្រឡាញ ទៅឱ្យគេនឹក» បានន័យថា រដ្ឋបាលមួយដំណើរការល្អ គឺអាស្រ័យលើមេដឹកនាំ ដោយមិនគិតថាក្រៅខ្លួនគ្មានអ្នកណាធ្វើកើត ហើយទោះបីជាអវត្តមានមេដឹកនាំ ក៏កិច្ចការនៅរដ្ឋបាលនោះគ្រប់ថ្នាក់ គឺនៅតែដំណើរការល្អជាធម្មតាប្រកបដោយការទទួលខុសត្រូវខ្ពស់។

ការថ្លែងបែបនេះរបស់លោក គីម រិទ្ធី បានធ្វើឡើងនៅក្នុងឱកាសដែលលោកអញ្ជើញចូលរួមប្រកាសចូលកាន់តំណែងដោយលោក អ៊ុន សុផល អតីតអភិបាលរងស្រុកឆែប ត្រូវបានផ្ទេរភារកិច្ចមកកាន់តំណែងជាអភិបាលរងស្រុជ័យសែនវិញ។ ពិធីនេះមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ លោក លោកស្រី ជាប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ នេះ។

ជាមួយនឹងការប្រកាសចូលកាន់តំណែងអភិបាលរងស្រុកជ័យសែន លោក គីម រិទ្ធី ក៏បានប្រកាសពីការចូលនិវត្តន៍របស់លោក រស់ ហេង អភិបាលស្រុកជ័យសែន ដោយលោកអភិបាលស្រុកត្រូវដល់ថ្ងៃចូលនិវត្តន៍ហើយ ហើយលោក រស់ ហេង ក៏ត្រូវបានថ្នាក់ដឹកនាំផ្តល់សេចក្តីទុកចិត្តឱ្យឈរឈ្មោះជាសមាជិកក្រុមប្រឹក្សាខេត្តអាណត្តិថ្មីខាងមុខនេះ។

លោកអភិបាលខេត្តព្រះវិហារ ក៏បានប្រគល់រថយន្តមួយគ្រឿង ដែលបានបំពាក់សារ៉ែន រួចជាស្រេច ជូនគណៈបញ្ជាការឯកភាពស្រុកជ័យសែន សម្រាប់យកទៅប្រើប្រាស់លើការងារផ្តល់សេវាជូនប្រជាពលរដ្ឋ ក៏ដូចជាការងារអន្តរាគមន៍ផ្សេងៗផងដែរ ដែលរហូតមកដល់ពេលនេះ គ្រប់រដ្ឋបាល ក្រុង ស្រុក ទាំង៨ នៅខេត្តព្រះវិហារ ទទួលបានរថយន្ត១គ្រឿងដូចៗគ្នាពីលោកអភិបាលខេត្ត។

លោក គីម រិទ្ធី ក៏បានណែនាំដល់លោកអភិបាលរងស្រុកជ័យសែន ដែលទើបប្រកាសតែងតាំងថ្មី ត្រូវខិតខំបំពេញតួនានាទីភារកិច្ច ឆ្លើយតបទៅតម្រូវការរបស់រដ្ឋបាលស្រុកឱ្យមានប្រសិទ្ធិភាព ពិសេសរក្សាឱ្យបាននូវសាមគ្គីភាពឯកភាពផ្ទៃក្នុងអង្គភាពឱ្យបានល្អ។ យកចិត្តទុកដាក់ថែរក្សារថយន្តដែលប្រគល់ឱ្យនៅពេលនេះឱ្យបានល្អ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង៕