(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានណែនាំឱ្យលោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ចាម ធ្វើការត្រួតពិនិត្យលក្ខណៈបច្ចេកទេស លើការងារជីកកាយដី តាមចិញ្ចើមផ្លូវ ក្នុងក្រុងកំពង់ចាម របស់ក្រុមហ៊ុនរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរ ដល់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានណែនាំដូចបានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ ២០២៤ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៦០ អាណត្តិទី ៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម នៅសាលប្រជុំធំ សាលាខេត្តកំពង់ចាម ។

ឆ្លើយតបទៅនឹងសមាជិកក្រុមប្រឹក្សាខេត្ត ពាក់ព័ន្ធការជីករណ្ដៅ ហាក់ខ្វះសម្ភារៈដាក់បញ្ជៀសចរាចរ របស់ក្រុមហ៊ុនរៀបចំប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំនិងប្រគល់ភារកិច្ចជូនទៅ លោក សុខ លឹមហ៊ាង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ដើម្បីចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេសរបស់ក្រុមហ៊ុននោះ ធ្វើយ៉ាងណាត្រូវរក្សាឱ្យបាន នូវសុវត្ថិភាពចរាចរ ចៀសវាងមានគ្រោះថ្នាក់ដោយប្រការណាមួយដល់ប្រជាពលរដ្ឋ។

សូមបញ្ជាក់ផងដែរថា កិច្ចប្រជុំសាមញ្ញលើកទី៦០នេះ គឺជាកិច្ចប្រជុំចុងក្រោយនៃអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម ដោយមានរបៀបវារៈដូចខាងក្រោម៖ 

*ទី១៖ ពិនិត្យ និងអនុម័តសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៥៩ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ចាម។

*ទី២៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងារប្រចាំខែមេសា និងទិសដៅការងារប្រចាំខែឧសភា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៣៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់ក្រុមប្រឹក្សាខេត្តកំពង់ចាម អាណត្តិទី៣ (២០១៩-២០២៤)។

*ទី៤៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការសកម្មភាព និងក្របខ័ណ្ឌពេលវេលា នៃការរៀបចំវេទិការវាងរដ្ឋាភិបាល និងរដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់ឆ្នាំ២០២៤ ស្ដីពី កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។

*ទី៥៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការក្របខ័ណ្ឌប្រចាំឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម។

*ទី៦៖ ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងផែនការប្រើប្រាស់ក្របខ័ណ្ឌប្រចាំឆ្នាំ២០២៥ របស់មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកំពង់ចាម៕