(ភ្នំពេញ)៖ ពិធីចុចប៊ូតុងរួមគ្នា ដើម្បីបើកសម្ពោធដំណើរការម៉ាស៊ីនផ្សាយវិទ្យុថ្មី សម្រាប់ការផ្សាយនៅស្ថានីយ៍វិទ្យុជាតិ FM96 MHz មានទីតាំងស្ថិតនៅក្នុងទីស្តីការក្រសួងព័ត៌មាន បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ។

តាមការបញ្ជាក់របស់ថ្នាក់ដឹកនាំវិទ្យុជាតិ FM96 MHz បានឲ្យដឹងថា ម៉ាស៊ីនផ្សាយវិទ្យុថ្មី មានកម្លាំងការផ្សាយ ១០គីឡូវ៉ាត់ ដែលបានរៀបចំតម្លើងដោយក្រុមការងារបច្ចេកទេសនៃវិទ្យុ VOV វៀតណាម នាឱកាសនេះ គឺជាអំណោយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម ផ្តល់តាមរយៈវិទ្យុសំឡេងប្រជាជនវៀតណាម (VOV) ជូនក្រសួងព័ត៌មាន សម្រាប់យកទៅបំពាក់នៅតាមស្ថានីយ៍ជាតិ FM ខេត្តមួយចំនួន។

ការបំពាក់នូវបរិក្ខាសម្ភារៈម៉ាស៊ីនផ្សាយថ្មី នៃវិទ្យុ FM96 នាឱកាសនេះ បានបង្ហាញឲ្យឃើញអំពីការគិតគូររបស់ថ្នាក់ដឹកនាំក្រសួងព័ត៌មាន ដើម្បីធ្វើយ៉ាងណា ឲ្យស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ កាន់តែមានគុណភាព និងប្រសិទ្ធភាពសម្រាប់បម្រើការផ្សព្វផ្សាយ និងផ្តល់ព័ត៌មានជូនដល់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តី នេត្រ ភក្ត្រា បានសម្ដែងនូវអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលសង្គមនិយមវៀតណាម ដែលបានផ្តល់ម៉ាស៊ីនផ្សាយវិទ្យុជាច្រើនគ្រឿង តាមរយៈវិទ្យុសំឡេងប្រជាជនវៀតណាម (VOV) យកមកផ្ដល់ជូនក្រសួងព័ត៌មាន ដើម្បីយកទៅបំពាក់នៅតាមស្ថានីយ៍វិទ្យុតាមបណ្តាខេត្ត ដើម្បីធ្វើការផ្សព្វផ្សាយបានកាន់តែទូលំទូលាយនៅទាំងប្រទេស៕