(ភ្នំពេញ)៖ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអំពាវនាវឱ្យរួមគ្នាអភិរក្សតំបន់បុរាណវិទ្យា ហើយបញ្ឈប់ការសាងសង់សំណង់ផ្សេងៗលើតំបន់ប្រវត្តិសាស្រ្តទាំងនោះ។

ការអំពាវនាវរបស់ លោកបណ្ឌិត យង់ ពៅ បានធ្វើឡើងតាមរយៈទស្សនាទានមួយ ក្នុងកម្មវិធីបទបង្ហាញស្តីអំពីលទ្ធផលស្រាវជ្រាវបុរាណវត្ថុវិទ្យា៖ របកគំហើញថ្មីនៅក្រៅរាជធានីអង្គរ នៅរាជបណ្ឌិត្យសភាកម្ពុជា» ដែលបានរៀបចំឡើងនាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤នេះ នៅសាលទន្លេសាបនៃអគារខេមរវិទូ វិទ្យាស្ថានមនុស្សសាស្រ្ត និងវិទ្យាសាស្រ្តសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា។

លោកបានលើកឡើងថា គុណតម្លៃស្រាវជ្រាវបុរាណវត្ថុវិទ្យាផ្សេងៗ បានចូលរួមចំណែកលើចំណុចសំខាន់ៗ ដូចជា៖ ពង្រឹង និងបង្កើនស្មារតីស្នេហាជាតិ, ឯកសារប្រវត្តិសាស្រ្តត្រូវបានចងក្រងសម្រាប់កូនចៅជំនាន់ក្រោយ, ការគាស់កកាយនិងលាតត្រដាងអាថ៌កំបាំងប្រជាជាតិ, លើកកម្ពស់ស្មារតីបង្រួបបង្រួមជាតិ និងរឹតបណ្តឹងចំណងសាមគ្គីភាពជាតិ និងចូលរួមចំណែកជំរុញវិស័យសេដ្ឋកិច្ចតាមរយៈទេសចរណ៍។

ជាងនេះទៅទៀតលោកបណ្ឌិត យង់ ពៅ ក៏បានរំលឹកផងដែរថា នាសម័យកាលអង្គរដ៏រុងរឿង ព្រះមហាវីរៈមហាក្សត្រខ្មែរ និងនាម៉ឺនមន្រ្តីទាំងឡាយ តែងតែយកចិត្តទុកដាក់ខ្ពស់លើការរៀបចំប្រព័ន្ធមេទឹក ពោលគឺផ្តល់តម្លៃចម្បងលើគុណប្រយោជន៍និងគុណតម្លៃនៃទឹក ដោយសារតែទឹកពិតជាបានចូលរួមចំណែកជាខ្លាំងក្នុងការដឹកនាំរដ្ឋ ប្រព័ន្ធធារ៉ាសាស្រ្ត និងវិស័យកសិកម្មជាដើម។

ទាក់ទងនឹងចំណុចនេះផងដែរ លោកបណ្ឌិត យង់ ពៅ បានគូសបញ្ជាក់ និងសង្កត់ធ្ងន់ថា ដោយសារតែទីស្ថានបុរាណវិទ្យាមានសារៈសំខាន់ជាងខ្លាំងសម្រាប់ប្រជាជាតិទាំងមូល ក្នុងន័យនេះយើងចាំបាច់ត្រូវតែអភិរក្សតំបន់ទាំងនោះ ដោយបញ្ឈប់ការសាងសង់សំណង់ផ្សេងៗលើតំបន់ប្រវត្តិសាស្រ្តទាំងនោះ ព្រោះការសាងសង់ពីលើតំបន់បុរាណវិទ្យា ពិតប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ភស្តុតាងប្រវត្តិសាស្រ្តរបស់ប្រជាជាតិ។

ក្រៅពីនេះលោកបណ្ឌិត យង់ ពៅ ក៏បានបញ្ជាក់ផងដែរថា សូម្បីតែឧទ្យានរាជបណ្ឌិត្យសភាកម្ពុជាតេជោសែនឫស្សីត្រឹបក៏មានទីតាំងតំបន់ប្រវត្តិជាច្រើនផងដែរ ដូចជាតំបន់ឡស្លដែកសម័យអង្គរជាដើម។ ដោយមើលឃើញពីមូលហេតុដ៏សំខាន់នេះផងដែរ ទើបរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិរក្សដែនដីតំបន់ឧទ្យាន។

លោកបណ្ឌិត យង់ ពៅ បានលើកទឹកចិត្តដល់អ្នកជំនាញបុរាណវិទ្យាទាំងឡាយ ប្រឹងប្រែងបន្តទៀតលើកិច្ចការបុរាណវិទ្យា ដើម្បីប្រជាជាតិកម្ពុជា និងដើម្បីជាភស្តុតាងប្រវត្តិសាស្រ្តសម្រាប់មនុស្សជាតិ៕