(ភ្នំពេញ)៖ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា (ហៅកាត់ថាATIC) បានអនុវត្តតាមសេចក្តីណែនាំរបស់រាជរដ្ឋាភិបាល ក្នុងការបោះពុម្ពផ្សាយសាររូបភាពព្រមានសុខភាពថ្មី នៅលើកញ្ចប់បារី និងព្រមទាំងបានជួយចូលរួមផ្សព្វផ្សាយអំពីសេចក្តីណែនាំនេះ ទៅដល់អាជីវករទូទាំងប្រទេសឱ្យបានជ្រួតជ្រាប ក្នុងយុទ្ធនាការផ្សព្វផ្សាយបិតខិត្តបណ្ណសារព្រមានសុខភាពថ្មីរបស់ខ្លួននៅតាមបណ្ដាតូបលក់បារីនៅទូទាំងប្រទេស ស្របទៅតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលលេខ ០៥២សអបស ចុះថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ ដែលតម្រូវឱ្យបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពថ្មីទំហំ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់ ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ តទៅ។

រូបភាព បង្ហាញអំពីការជក់បារីអាចបណ្តាលឱ្យកើតជំងឺមហារីកមាត់ និងជក់បារីបណ្តាលឱ្យកើតជំងឺត្បៀតទងសួតរាំរ៉ៃ។

យោងតាមលោក VERNON LITTLE ប្រធានសមាគមឧស្សាហកម្មថ្នាំជក់កម្ពុជា បានថ្លែងថា៖ «យើងគឺជាសមាគមថ្នាំជក់ដែលមានសមាសភាពមកពីបណ្ដាក្រុមហ៊ុនថ្នាំជក់ជាតិ និងអន្ដរជាតិដែលមានអនុលោមភាពខ្ពស់ គឺក្រុមហ៊ុន Huotraco International Limited, ក្រុមហ៊ុន JT International (Cambodia) Co., Ltd., ក្រុមហ៊ុន British American Tobacco (Cambodia) Limited, ក្រុមហ៊ុន Next Generation Distribution Co., Ltd. ក្រុមហ៊ុន Viniton (Group) Tobacco Co., Ltd. ក្រុមហ៊ុន Bevfood Trading (Cambodia) Co.,Ltd. បានសហការគ្នាផលិតខិត្តប័ណ្ណអប់រំផ្សព្វផ្សាយ អំពីសេចក្តីណែនាំនេះ ហើយក្រុមការងារផ្នែកលក់របស់ក្រុមហ៊ុនសមាជិក បានដើរចែកចាយនិងខិត្តប័ណ្ណអប់រំនេះ នៅតូបជាង២ម៉ឺន៥ពាន់ ទូទាំងប្រទេស»

លោកបានបញ្ជាក់បន្ថែមថា៖ «សមាគមយើងតែងតែមានសាទរភាព និងកិច្ចសហការជានិច្ចចំពោះគំនិតផ្ដួចផ្ដើមរបស់ រដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលក្នុងការអប់រំផ្សព្វផ្សាយ ជាសារព្រមានលើកញ្ចប់បារីផ្ទាល់។ លើសពីនេះសារព្រមានសុខភាពថ្មីនៅលើកញ្ចប់បារីក៏បានដើរតួនាទីជាអ្នកចង្អុលបង្ហាញប្រាប់ថាកញ្ចប់បារីដែលចរាចរដាក់លក់ នៅលើទីផ្សារគ្មានបោះពុម្ពសាររូបភាពព្រមានសុខភាពនៅលើកញ្ចប់បារី ឬប្រើប្រាស់សារព្រមានសុខភាពចាស់ គឺជាបារីខុសច្បាប់ ឬជាក្លែងក្លាយ។

យោងការសិក្សាស្រាវជ្រាវរបស់ស្ថាប័នអន្តរជាតិ Kantar (កាន់តា) កាលពីឆ្នាំ២០២០ បានរកឃើញថា ផលិតផលបារីក្នុងស្តុកសរុប មានចំនួនប្រមាណ ១៨.៥% ជាផលិតផលខុសច្បាប់ដែលធ្វើឱ្យរាជរដ្ឋាភិបាលបាត់បង់ចំនូល ប្រមាណពី៨ ទៅ១០លានដុល្លាសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំ។ ផលិតផលបារីខុសច្បាប់ ត្រូវកំណត់និយមន័យថា ជាផលិតផលដែលមិនមានបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាព និងតែមប្រិ៍អាករពិសេស នៅលើកញ្ចប់បារី»

លោកបានបន្ថែមថា «ការពង្រឹងអនុលោមភាពនៃការអនុវត្តតែម្របិ៍អាករពិសេសលើកញ្ចប់បារីក៏ពិតមាន សារៈសំខាន់ក្នុងការធានាការប្រកួតប្រជែងដោយស្មោះត្រង់ និងស្មើភាពនៅក្នុងទីផ្សារកម្ពុជា និងធានាការបង្កើនចំណូលរដ្ឋផងដែរ»។

គួរបញ្ជាក់ដែរថា ក្នុងវត្ថុបំណងដើម្បីពង្រឹងបរិយាកាសការធ្វើអាជីវកម្មរាជរដ្ឋាភិបាលកម្ពុជាបានបង្កើតក្រុមការពិសេសបន្ថែម ដើម្បីធ្វើការពិភាក្សារ និងដោះស្រាយបញ្ហាផលិផលខុសច្បាប់ដែលមាននៅលើទីផ្សារកម្ពុជា។ ឧស្សាហកម្មថ្នាំជក់ ជឿជាក់ថា ក្រសួង និងស្ថាប័នពាក់ព័ន្ធបាន និងកំពុងចាត់វិធានការជាអាទិភាពដើម្បីពង្រឹងការអនុវត្តច្បាប់មានជាធរមាន លើផលិផលថ្នាំជក់ដែលមិនមានបិទសារព្រមានសុខភាពជាអក្សរខ្មែរ និងរូបភាពជាជាងការដាក់ចេញនូវបទប្បញ្ញត្តិថ្មី និងពង្រីកសារព្រមានសុខភាព។ ដូច្នេះ សមាគមឧស្សាហកម្មថ្នាំជក់កម្ពុជាសូមចូលរួមគាំទ្រ និងស្នើរាជរដ្ឋាភិបាលកម្ពុជា បន្តចាត់វិធានការលើបារីខុសច្បាប់ទាំងនោះ៕