(កំពត)៖ ប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពតជាង៧០០គ្រួសារ បានទទួលវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ក្រោយពីមន្ទីរជំនាញបានធ្វើការវាស់វែង និងធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធរួចរាល់ ដែលមានក្បាលដីជិត១៤០០ក្បាលដី។

ការផ្ដល់នូវវិញ្ញាបណ្ណបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដី) ខាងលើបានប្រព្រឹត្តធ្វើឡើងនារសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តត្រើយកោះ ស្ថិតក្នុងភូមិតាអង្គ សង្កាត់ត្រើយកោះ ក្រុងកំពត ដែលធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត។

នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ដីគឺជាជីវិត ព្រោះមនុស្សគ្រប់រូបត្រូវការបំផុត គឺដី ដែលពេលយើងកើតមក គឺនៅលើដី ពេលរៀនសូត្រនៅសាលា ក៏ត្រូវការដីសម្រាប់ធ្វើសាលា ពេលរៀបចប់ មានគ្រួសារ ក៏ត្រូវការដីសម្រាប់កសាងលំនៅឋាន ចែកកូនចៅបន្ត ហើយពេលដែលបាត់បង់ជីវិតទៅក៏ត្រូវការដីផងដែរ។ ហើយពេលដែលបងប្អូនទទួលបានបណ្ណកម្មសិទ្ធដីរបស់យើងហើយ សូមប្អូនថែរក្សាឱ្យបានល្អ និងយកទៅប្រើប្រាស់ ឱ្យបានត្រឹមត្រូវទៅតាមតម្រូវការរបស់បងប្អូន ហើយការផ្តល់បណ្ណកម្មសិទ្ធិនាពេលនេះ គឺដោយមានការគិតគូ ក៏ដូចជាការចង្អុលបង្ហាញពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មកកាន់អាជ្ញាធរខេត្ត និងមន្ទីរជំនាញ ធ្វើយ៉ាងណាពន្លឿននៃការចេញបណ្ណកម្មសិទ្ធជូនពលរដ្ឋឱ្យបានឆាប់រហ័សបំផុត។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្ត ក៏បានស្នើដល់ពលរដ្ឋដែលមានបណ្ណកម្មសិទ្ធទាំងអស់ សូមកុំមានជម្លោះដីធ្លី ព្រោះនៅពេលដែលយើងមានបណ្ណកម្មសិទ្ធហើយ ការដោះស្រាយមិនស្ថិតនៅលើគណៈកម្មការសុរិយោដី ឬគណៈកម្មការដោះស្រាយទំនាស់នោះទេ គឺស្ថិតនៅលើការដោះស្រាយរបស់ប្រព័ន្ធតុលាការ ដូច្នេះសូមកុំឱ្យមាន។

លោកអភិបាលខេត្ត ក៏បានណែនាំដល់មន្ទីរជំនាញ និងមន្ត្រីជំនាញផ្នែកសុរិយោដី ក្នុងខេត្តកំពតទាំងអស់ ត្រូវខិតខំបំពេញការងារតាមតួនាទីភារកិច្ចរបស់ខ្លួនក្នុងការបំរើប្រជាពលរដ្ឋឱ្យបានត្រឹមត្រូវ ហើយត្រូវជៀសវាងនូវអំពើមិនល្អ  ឬការចង់បានអ្វីមួយពីប្រជាពលរដ្ឋដែលធ្វើបណ្ណកម្មសិទ្ធដីធ្លី។

ទន្ទឹមនឹងនេះ លោកអភិបាលខេត្តក៏បានកោតសរសើ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត និងមន្ត្រីទាំងអស់ ដែលបានខិតខំបំពេញការងារកន្លងមកទទួល បានលទ្ធផលល្អប្រសើ ជូនពលរដ្ឋក្នុងមូលដ្ឋានខេត្តកំពត។

យោងតាមរបាយការណ៍ របស់លោក ព្រាប សុផាត ប្រធានស្តីទី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត បានឱ្យដឹងថា ក្រុងកំពតមមានចំនួន ៥សង្កាត់ ស្មើនឹង ១៥ភូមិ ហើយបានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធចាប់តាំងពីឆ្នាំ២០១៣ ដែលគិតមកដល់ពេលនេះ មានរយៈពេល ១០ឆ្នាំហើយ ដែលទទួលបានលទ្ធផល ភូមិដែលបានចុះបញ្ជី និងចែកបណ្ណរួច មានចំនួន ១១ភូមិ ស្មើនឹង ១៣,៦០៧ក្បាលដី ភូមិស្នើសុំចែកបណ្ណចំនួន ១ភូមិ ស្មើនឹង ១,៣៨៥ក្បាលដី (ភូមិដែលធ្វើពិធីចែកនាពេលនេះ) ហើយភូមិកំពុងត្រៀមរៀបចំបិទផ្សាយចំនួន ៣ភូមិ ស្មើនឹង ៣,៣៣៧ ក្បាលដី។

ដោយឡែក ភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ដែលធ្វើពិធីចែកបណ្ណនាពេលនេះ មានក្បាលដីសរុបចំនួន ១,៣៨៥ក្បាលដី ស្មើនឹង ៧៥២គ្រួសារ ដែលក្នុងនោះមានប្រភេទដីលំនៅឋាន ចំនួន ៩៧៥ក្បាលដី, ដីកសិកម្មចំនួន ៣៦៩ក្បាលដី, ទួលកប់ខ្មោចចំនួន ៣ក្បាលដី, មណ្ឌលសុខភាព ១ក្បាលដី, ដីគ្មានទិន្នន័យ ៣៧ក្បាលដី, និងដីមានវិវាទ ២ក្បាលដី៕