(ប៉ៃលិន)៖ ខេត្តប៉ៃលិន ជាខេត្តមួយក្នុងចំណោមខេត្តចំនួន៦ ដែលទទួលបានប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្តពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាខេត្តមិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ គ.ស ២០២៤។

ក្រោយទទួលបានរង្វាន់លើកទឹកចិត្តនេះលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ បាននាំយករង្វាន់នេះបែកចែករង្វាន់ដល់អង្គភាពចំណុះរដ្ឋបាលខេត្ត, កងកម្លាំងប្រដាបអាវុធទាំង ៣ប្រភេទ,រដ្ឋបាលក្រុង/ស្រុក និង យុវជន សសយក ទាំង ៨ឃុំសង្កាត់ បន្ទាប់ពីខេត្តបានទទួលប័ណ្ណសរសើរ និងរង្វាន់។

នៅក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានអំពាវនាវ សូមឱ្យបងប្អូន អ៊ំពូមីង តាយាយ មេត្តាបន្តគោរពច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងប្រកាន់ខ្ជាប់ការយោគយល់ អធ្យាស្រ័យគ្នាខ្ពស់ ដោយឡែកកងកម្លាំងទាំ ៣ប្រភេទ, អាជ្ញាធរមូលដ្ឋាន និងអង្គភាពពាក់ព័ន្ធ ត្រូវបន្តពង្រឹងការអនុវត្តច្បាប់ចរាចរណ៍យ៉ាងម៉ឺងម៉ាត់ ជាពិសេសត្រូវផ្សព្វផ្សាយការយល់ដឹងអំពីច្បាប់ ចរាចរណ៍ដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយនៅតាមមូលដ្ឋាន។

សូមបញ្ជាក់ថា ខេត្តទាំង០៦ ដែលទទួលប័ណ្ណសរសើរ និងរង្វាន់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ខេត្តប៉ៃលិន, កំពង់ឆ្នាំង, ព្រៃវែង, រតនគីរី, កោះកុង និងខេត្តត្បូងឃ្មុំ ដោយក្នុងនោះខេត្តនីមួយៗទទួលបាន៖ ប័ណ្ណសរសើរចំនួន១, ថវិកាចំនួន ២០០លានរៀល និងភេសជ្ជ:ចំនួន ១ពាន់កេស៕