(ព្រះវិហារ)៖ លោក ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងលោក ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូចុះពិនិត្យវាយតម្លៃ និងប្រគល់ទទួល-១០០% លើការងារសាងសង់ អគាររដ្ឋបាលមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្មី ជូនថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។

លោក ឈឹម សៅគី បានឲ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍ ឈានឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

លោករដ្ឋលេខាធិការ បានបន្ដទៀតថា ដើម្បីចូលរួមចំណែកអនុវត្តន៍យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្ត តាមចក្ខុវិស័យរបស់ខ្លួន គឺការលើក កម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជន ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ចសង្គម និងវប្បធម៌ តាមរយៈកម្មវិធីជាអាទិភាពចំនួន៤៖
ទី១៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
ទី២៖ ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
ទី៣៖ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
និងទី៤៖ ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

ក្នុងនាមលោករដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឈឹម សៅគី ក៏បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ដែលបានខិតខំបំពេញ ភារកិច្ចការងាររបស់ខ្លួន រហូតទទួលបានលទ្ធផលគួរជាទីមោទន ជាពិសេសអំឡុងពេលមានបម្រែបម្រួលអាកាសធាតុ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានយកចិត្តទុកដាក់ដោះស្រាយនូវបញ្ហាប្រឈមមួយចំនួន របស់បងប្អូនប្រជាពលរដ្ឋដូចជា៖ ការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត ការថែទាំ និងជួសជុលផ្លូវ និងការផ្ទេរមុខងារសេវាអនាម័យ ឲ្យទៅជិត និងបងប្អូនប្រជាពលរដ្ឋផ្ទាល់តែម្តង។

លោករដ្ឋលេខាធិការ ក៏បានថ្លែងផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់ ត្រូវពង្រឹងការអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួន បន្តខិតខំកសាងសមត្ថភាព ឲ្យកាន់តែមានប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលមានបាវចនាចំនួន ៥គឺ៖កំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះ ចំនួន៥គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។

សូមបញ្ជាក់ថា អគាររដ្ឋបាលថ្មី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចាប់ផ្តើមសាងសង់ជាផ្លូវការនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ និងសាងសង់រួចរាល់ជាស្ថាពរ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤។ អគារនេះ កម្ពស់២ជាន់ ទំហំ២០ម៉ែត្រ គុណនឹង១០ម៉ែត្រ មានចំនួន១០បន្ទប់ និងសាលប្រជុំចំនួន០១ ដោយប្រើប្រាស់ថវិកាជាតិ (ជំពូក២១) តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ៕