(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកការ​បណ្តុះ​បណ្តាលភាពជាអ្នកដឹកនាំ គឺជាកិច្ចការដ៏សំខាន់មួយទាំងនៅស្ថាប័នសាធារណៈ និង​ឯក​ជន ដើម្បីពង្រឹងប្រសិទ្ធភាពការងារ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ ក្នុងជំនួបជាមួយលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល (John C. Maxwell) ប្រធានក្រុមហ៊ុន The John Maxwell Company, EQUIP Organization និង Maxwell Leadership Foundation នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។

ក្នុងជំនួបនេះ លោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល បានថ្លែងអំណរគុណសម្តេចធិបតី ដែលបាន​ឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ជួបសម្តែងការគួរសម និង​ពិភាក្សាការងារ ព្រមទាំងបានគោរពជម្រាបសម្តេចធិបតី អំពីសកម្មភាពការ​ងាររបស់ក្រុម​ហ៊ុន​លោក តាមរយៈការបណ្តុះបណ្តាលលើជំនាញភាពជាអ្នកដឹកនាំ (Leadership) នៅតាម​បណ្តា​ប្រទេសនានា លើពិភពលោក។

លោកបណ្ឌិត ក៏បានគោរពជម្រាបសម្តេចធិបតី អំពីដំណើរទស្សនកិច្ចរបស់លោកមក​កម្ពុជានា​ឱកាស​នេះ គឺជាលើកទីមួយ។ ការអញ្ជើញមកនេះ​មានគោលបំណងក្នុងការផ្តល់វគ្គបណ្តុះ​បណ្តាលលើជំនាញទន់ (Soft Skills) ដែលផ្តោតសំខាន់លើភាពជាអ្នកដឹកនាំ (Leader​ship) ដោយលោកបណ្ឌិតបានផ្តល់វគ្គបណ្តុះបណ្តាលនិស្សិតកម្ពុជាជាង ២,០០០នាក់ កាល​ពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤។ លោកបណ្ឌិត ក៏បានជម្រាបពីបំណងក្នុងការ​ជួយផ្តល់វគ្គ​បណ្តុះ​បណ្តាលលើជំនាញទន់ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយ​ផ្តោតពិសេសលើការកសាងជំនាញភាពជាអ្នកដឹកនាំ។ លោកបណ្ឌិត ក៏បាន​បង្ហាញ​ពីបំណង​ពង្រីកកិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការអប់រំនេះនាពេលអនាគតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានលោកបណ្ឌិត ចន ស៊ី ម៉ាក់ស្វែល និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច​នៅកម្ពុជាលើក​ដំបូង។ សម្តេចប្រមុខរាជរដ្ឋាភិបាល ក៏បានថ្លែងអំណរគុណក្រុមហ៊ុនរបស់លោកបណ្ឌិត ដែលបាន​ផ្តល់​វគ្គបណ្តុះ​បណ្តាល​និស្សិតកម្ពុជា ដែលជាការចូលរួមចំណែកអភិវឌ្ឍមូលធនមនុស្ស​នៅ​កម្ពុជា។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បាន​កំណត់ការអភិវឌ្ឍមូលធនមនុស្ស ជាអាទិភាពក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ សម្តេចធិបតី បានលើកឡើងថា ការអភិវឌ្ឍមូល​ធនមនុស្ស គឺផ្តោតលើការបង្កើនគុណភាពសិក្សាអប់រំ និងបង្កើនជំនាញបច្ចេកទេស និង​ការ​បណ្តុះបណ្តាលវិជ្ជាជីវៈ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានវាយតម្លៃខ្ពស់ចំពោះសារៈសំខាន់នៃការបណ្តុះ​បណ្តាល​ជំនាញ​ទន់ដល់​យុវជន​ជំនាន់ក្រោយរបស់កម្ពុជា។ សម្តេចធិបតី បានសង្កត់ធ្ងន់ថា មូលធន​មនុស្សដែលមាន​គុណភាព ត្រូវចេះទាំងជំនាញរឹង (Hard Skills) និងជំនាញទន់ (Soft Skills)។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសរំលេចផងដែរថា ការបណ្តុះបណ្តាលជំនាញទន់ ជា​ពិ​សេសភាពជាអ្នកដឹកនាំ គឺពិតជាមានសារៈសំខាន់ និងជាតម្រូវការរបស់អង្គភាព និង​ស្ថា​ប័ន​ទាំងវិស័យសាធារណៈ និងឯកជន។ សម្តេចធិបតី បានមើលឃើញថា ដើម្បីក្លាយទៅជា​អ្នក​ដឹក​នាំល្អ និង​មាន​ប្រសិទ្ធភាពខ្ពស់ ចាំបាច់ត្រូវចាប់ផ្ដើមពីការដឹកនាំខ្លួនឯង ជាមួយការលើក​ទឹក​ចិត្ត និងការ​ប្រកាន់ខ្ជាប់សីលធម៌ និងគុណធម៌សម្រាប់ខ្លួនឯងជាមុនសិន៕