(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤នេះ បានធ្វើការបដិសេដទាំងស្រុងចំពោះស្រ្តីនគរបាលម្នាក់មានឋានន្តរសក្តិវរសេនីយ៍ទោ ឈ្មោះ ស៊ុន ស៊ីន ដែលរងការចោទប្រកាន់បានបោកប្រាស់លុយកាក់ប្រជាពលរដ្ឋបានផ្សព្វផ្សាយតាមបណ្តាញសង្គម គឺមិនមែនកូនចៅរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធនីភ្នំពេញនោះទេ ដោយស្រ្តីនគរបាលនេះក៏មិនបម្រើការងារក្នុងអង្គភាពស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនោះឡើយ។

ទាក់ទិនករណីនេះ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ក៏បានបញ្ជាឲ្យសមត្ថកិច្ចជំនាញ និងអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ធ្វើការស្រាវជ្រាវជាបន្ទាន់លើករណីនេះ និងឃាត់ខ្លួនស្រ្តីនោះ យកមកសាកសួរតាមនីតិវិធី។

ជាមួយនោះ លោកស្នងការក៏បានអំពាវនាវជនរងគ្រោះក្នុងករណីបោកប្រាស់លុយកាក់នេះ សូមមកដាក់ពាក្យបណ្តឹងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឬនៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីអនុវត្តតាមនីតិវិធី៕