(កំពង់ស្ពឺ)៖ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ទទួលបានព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋ តាមរយ: App Nodrug របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ស្ពឺ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងអធិការដ្ឋាននគរបាលស្រុកគងពិសី បានចុះល្បាតមកដល់ចំណុចភូមិទួលត្បែង ឃុំព្រៃវិហា ស្រុកគងពិសី ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ចំនួន២នាក់។

ជនសង្ស័យឈ្មោះ យឹម ណាង ភេទស្រី អាយុ៤៤ឆ្នាំ រស់នៅភូមិខាងលើ និងបន្តឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត នៅចំណុចភូមិព្រៃកែស ឃុំព្រៃវិហា ឈ្មោះ ហ៊ូក ចន្ថន ភេទ ស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃកែស ឃុំព្រៃវិហា ស្រុកគងពិសី(ស្ពឺ)(ជាមេខ្លោងមុខសញ្ញាចាស់)។ ត្រួតពិនិត្យដកហូតម្សៅក្រាមពណ៌សថ្លា ចំនួន៤កញ្ចប់ ទូរស័ព្ទ២គ្រឿង និង ម៉ូតូ១គ្រឿង ហើយកំពុងកសាងសំណុំរឿងចាត់ការតាមនិតិវិធីច្បាប់។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានប្រាប់ថា App Nodrug គឺមានមុខងារសំខាន់៤ គឺកម្សាន្ដអប់រំ ព័ត៌មាន មេរៀន និងការស្វែងរកសេវាព្យាបាលអ្នកញៀន។

បន្ថែមលើនេះ គឺមុខងាររាយការណ៍ដែលធ្វើឲ្យសាធារណជននៅជិតស្និទ និងរាយការណ៍សុំអន្តរាគមន៍គ្រប់ករណីគ្រឿងញៀនក្នុងមូលដ្ឋានមកកាន់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានគ្រប់ពេលវេលា រក្សាការសម្ងាត់៕