(ចិន)៖ ឧត្តមសេនីយ៍ ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីជំនាញ ចូលរួមក្នុងបេសកកម្មវាយតម្លៃហានិភ័យនៃគ្រឿងញៀន និងសារធាតុគីមីផ្សំនៅ តំបន់ផលិតគ្រឿងញៀនត្រីកោណមាស នៅតាមច្រកទ្វារព្រំដែននៃប្រទេសថៃ-ឡាវ និងចិន តាមបណ្តោយផ្លូវ R3A។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានប្រាប់ថា បេសកកម្មរបស់លោករយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៦-១០ ខែឧសភា ឆ្នាំ២០២៤ ដោយចាប់ផ្តើមពីច្រកព្រំដែនឈៀងខុង ខេត្តឈៀងរ៉ៃ (ថៃ) ឆ្លងកាត់ច្រកទ្វារមិត្តភាពបកែវ (ឡាវ ) បន្តទៅច្រកទ្វារបរតេន (ឡាវ) និងបញ្ចប់បេសកកម្មនៅក្រុងគុនមីង ខេត្តយូណានប្រទេសចិន។

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បន្តថា បេសកកម្ម នេះមានបំណងផ្លាស់ប្តូរបទពិសោធន៍លើការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដែលមានប្រភពពីតំបន់ត្រីកោណមាស និងការចរាចរសារធាតុគីមីផ្សំចូល ទៅទីតាំងផលិតគ្រឿងញៀននៅតំបន់ត្រីកោណមាស តាមរយៈយន្តការការិយាល័យទំនាក់ទំនងព្រំដែន (BLOs) ដែលសមាសភាព ចូលរួម មកពីស្ថាប័នត្រួតពិនិត្យគ្រឿងញៀន នៃបណ្តាប្រទេសមហាអនុតំបន់ទន្លេមេគង្គ រួមមាន កម្ពុជា ០៣រូប វៀតណាម៣រូប ឡាវ ៤រូប ថៃ ៦រូប ភូមា ២រូប និងចិន ៤រូប ក្រោមកិច្ចសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកឧក្រិដ្ឋកម្មនិងគ្រឿងញៀន (UNODC)៕