(ព្រះសីហនុ)៖ សម្រាប់ដើមឈើលម្អតាមដងផ្លូវទាំង៣៧ខ្សែក្នុងក្រុងព្រះសីហនុ មានជិត១ម៉ឺន៣ពាន់ដើម បើគិតតាំងពីឆ្នាំ២០២៣ មកទល់ហ្នឹងពេលនេះ គឺមិនមានរន្ធដៅមួយណាគ្មានដើមឈើនោះទេ ព្រោះមានការចង្អុល បង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពីប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តព្រះសីហនុ ព្រមទាំងមានការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត រួមទាំងក្រុមការងារថែរក្សាដាំដុះបន្ថែមទៀត ទើបដើមឈើទាំងនោះមិនមានភាពស្វិតស្រពោន ឬគ្មានជីវិតនោះទេ ហើយថែមទាំងលូតលាស់បានល្អមកដល់សព្វថ្ងៃថែមទៀតផង។

នេះជាការលើកឡើងរបស់លោកប្រធានមន្ទីរកសិកម្ម នាល្ងាចថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ក្នុងវេលាដែលលោកចុះពិនិត្យក្រុមការងារជីករន្ធដៅដីសម្រាប់ដាំដើមឈើលម្អតាមដងផ្លូវជាតិលេខ៤ ដែលចាប់ផ្តើមពីរង្វង់មូលនាគខៀវ (ប្រលានយន្តងអន្តរជាតិខេត្តព្រះសីហនុ) រហូតទៅដល់ច្រកទ្វារទី១ នៃកំពង់ផែស្វាយ័ត ក្រុងព្រះសីហនុ មានចំនួនជិត៧ពាន់ដើម។

លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បន្ថែមថា សកម្មភាពជីករន្ធដៅនារសៀលនេះ ដោយមានការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំដោយលោក គង់ វិតាណៈ អភិបាលរង។

លោកបានបន្តថា ជំហានទី១ ដើមឈើជាង ៣ពាន់ដើម នឹងត្រូវបើកយុទ្ធនាការដាំនៅថ្ងៃទី១ ខែមិថុនាខាងមុខនេះ ហើយទាំងនេះជាគិតផ្តួចផ្តើមរបស់អភិបាលខេត្តព្រះសីហនុ ក្រោមបប្រធានបទ «ដាំក្ងោកសម្ព័ន្ធមេត្រីភាពរវាង កងពលតូចអន្តរាគមន៍លេខ៤ ទិសប្រាសាទព្រះវិហា ជាមួយរដ្ឋបាលខេត្តព្រះសីហនុ»

ក្នុងឱកាសនេះលោកប្រធានមន្ទីរ សំណូមពរជាពិសេសមួយផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅអមតាមដងផ្លូវ នាំគ្នាចូលរួមថែរក្សាកូនឈើនៅមុខផ្ទះ ដោយកុំយកសំរាម កាកសំណល់ផ្សេងៗមានជាតិប្រេង ខ្លាញ់ដែល បង្កឲ្យកូនឈើរបស់យើងស្អុយគល់ រលួយឬស ធ្វើឲ្យបាត់បង់សោភ័ណ្ឌភាពទីក្រុងរបស់យើងទៅថ្ងៃមុខ៕