(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន អនុប្រធានប្រចាំការក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌឫស្សីកែវ បានជំរុញឲ្យសមាជិកបក្សទាំងអស់ ត្រូវមានសាមគ្គីភាពផ្ទៃ ចេះស្រឡាញ់គ្នា យោគយល់គ្នា អធ្យាស្រ័យគ្នាទៅវិញទៅមក ជាពិសេស មន្ត្រីបក្សចាស់ៗ និងយុវជនជាមន្ត្រីបក្សជំនាន់ក្រោយ មិនអាចឃ្លាតឆ្ងាយពីគ្នាបានឡើយ សំខាន់យុវជនត្រូវគោរពឲ្យតម្លៃ និងស្តាប់យោបល់មន្ត្រីចាស់ៗ ហើយសម្រាប់មន្ត្រីចាស់ៗ ក៏មិនត្រូវមានឥរិយាបថឆ្មើងឆ្មៃ ដែលប្រកាន់ច្រើនចំពោះយុវជននោះដែរ ដើម្បីឲ្យស្របតាមពាក្យស្លោក «ក្មេងដើរលឿន-ចាស់ស្គាល់ផ្លូវ»

ការជំរុញបែបនេះរបស់លោក ជិន ប៊ុនធឿន បានធ្វើឡើងក្នុងពេលលោកអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំជីវភាពប្រចាំខែរបស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខណ្ឌ និងផ្សព្វផ្សាយផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខណ្ឌ សរុបចំនួន៨០នាក់ ស្ថិតនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខណ្ឌឬស្សីកែវ នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងកិច្ចប្រជុំជីវភាពប្រចាំខែនេះ លោក ជិន ប៊ុនធឿន បានពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីលោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ, សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាពិសេសពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិក សមាជិកា នៃគណៈកម្មាធិការគណបក្សខណ្ឌទាំងអស់ ប្រកបដោយសេចក្តីនឹករលឹក។

លោកអនុប្រធានប្រចាំការក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខណ្ឌឫស្សីកែវ ក៏បានណែនាំ និងជម្រុញឱ្យមន្ត្រីបក្សគ្រប់រូប ត្រូវបន្តខិតខំចុះបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យជាប់ជាប្រចាំ ដើម្បីបំពេញតម្រូវការចាំបាច់របស់ពួកគាត់ ទើបទទួលបានក្តីស្រលាញ់ និងពេញចិត្តពីពួកគាត់ ក្នុងន័យរក្សាប្រៀបឈ្នះរបស់គណបក្សក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នាពេលខាងមុខ៕