(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតព្រឹទ្ធសភា និងអំពាវនាវបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

ការអំពាវនាវនេះធ្វើឡើងក្នុងពិធីសំណេះសំណាល់ដោយមានការចូលរួមពីសមាជិក សមាជិកាក្រុមការងារគណបក្ស គណៈកម្មាធិការបក្សខេត្ត ក្រុង ស្រុក រួមនឹងអង្គបោះឆ្នោតសរុបជាង៥០០នាក់។

លោក នេត្រ ភក្ត្រា ថ្លែងយ៉ាងដូច្នេះថា
«ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការគណបក្សខេត្តក្រចេះ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសមាជិកសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់នៃខេត្តក្រចេះ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតព្រឹទ្ធសភា នាពេលកន្លងទៅ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុកបន្តទៀត»។

លោក វ៉ា ថន ប្រធានគណៈកម្មាធិការបក្សខេត្តក្រចេះ បានលើកឡើងពីកិច្ចការដែលគណៈកម្មាធិការបក្សខេត្ត សម្រេចបាននិងការត្រៀមខ្លួនសម្រាប់ឆ្ពោះទៅការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក នាពេលខាងមុខ រួមមាន ការជ្រើសរើសបេក្ខជន ភ្នាក់ងារគណបក្ស និងការត្រៀមសម្រាប់ការឃោសនាបោះឆ្នោតនាពេលខាងមុខ ក៏ដូចជាការប្តេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្សខេត្ត ដោយធ្វើយ៉ាងណាឱ្យក្នុងការបោះឆ្នោតខាងមុខទទួលបានសំឡេងគាំទ្រច្រើនលើសលប់។

ក្នុងពិធីនោះដែរ ក៏មានការបង្ហាញនូវបេក្ខភាពឈ្មោះសម្រាប់សមាជិកក្រុមប្រឹក្សាខេត្តក្រចេះផងដែរ។

ជាមួយគ្នានោះ លោកប្រធាន នេត្រ ភក្ត្រា បានថ្លែងអំណរគុណដល់សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ។

ដើម្បីធានានូវនិរន្តរភាពនៃជ័យជម្នះ លោក នេត្រ ភក្ត្រា ក៏បានណែនាំក្រុមការងារ និងបានដាក់ទិសដៅមួយចំនួនសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

គួរបញ្ជាក់ថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្តក្រុងស្រុកអាណត្តិទី៣ កន្លងទៅ នៅក្នុងខេត្តក្រចេះ គណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោត និងបានគ្រប់គ្រងតួនាទីជាប្រធានក្រុមប្រឹក្សាទាំងអស់ទាំងក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកទាំង៧៕