(ក្រចេះ)៖ លោកបណ្ឌិត កែរ រដ្ឋា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកឱសថការី បាន បុត្តា អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុកចំនួន៤ របស់មន្ទីរសុខាភិបាលខេត្តក្រចេះជាលើកទី២ ចាប់ពីថ្ងៃទី៧-១១ ខែឧសភា ឆ្នាំ២០២៤។

ក្នុងឱកាសបំពេញបេសកកម្មនោះ លោកបណ្ឌិត កែរ រដ្ឋា បានណែនាំដល់ថ្នាក់ដឹកនាំ បុគ្គលិកសុខាភិបាលទាំងអស់ ត្រូវបង្កើនការយកចិត្តទុកដាក់ផ្តល់សេវាសុខាភិបាលប្រកបដោយគុណភាព ប្រសិទ្ធភាពជូនប្រជាពលរដ្ឋដោយសមធម៌ និងបន្តស្មារតីសាមគ្គីភាពផ្ទៃក្នុង គោរពវិន័យការងារ ប្រកាន់ភ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈសុខាភិបាល។

នៅថ្ងៃចុងក្រោយនៃបេសកកម្ម ក្រុមការងារបានធ្វើរបាយការណ៍ត្រឡប់អំពីការងារពិនិត្យទាំង​ការ​រីកចម្រើន​ ទាំង​ការខ្វះខាតរបស់មន្ទីរពេទ្យបង្អែកស្រុកទាំង៤ ដែលមានសមាសភាពចូលរួម​ លោក​វេជ្ជបណ្ឌិត ងី ប៊ុនឡែន ប្រធានមន្ទីរសុខាភិបាលខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត ប្រធាន អនុប្រធានការិយាល័យទាំង៤ប្រធាន អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិទាំង៣ និងលោកប្រធានមន្ទីរពេទ្យបង្អែកស្រុកទាំង៤។

លោកបណ្ឌិត កែរ រដ្ឋា បានជម្រាបជូនអង្គប្រជុំថា រាជរដ្ឋាភិបាលតែងតែគិតគូរពីសុខភាពនិងជីវភាពរបស់ប្រជាពលរដ្ឋជានិច្ច ជាពិសេសរាជរដ្ឋាភិបាលនីតិកាលទី៧នេះ កំពុងអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺការអភិវឌ្ឍធនធានមនុស្ស ហើយមុំទី៣ នៃយុទ្ធសាស្ត្រ ផ្តោតទៅលើការលើកកម្ពស់សុខភាព និងសុខុមាលភាពប្រជាជន។

ចំពោះកម្មវិធីគោលនយោបាយអាទិភាពទាំង៦ វិស័យសុខាភិបាលស្ថិតនៅក្នុងកម្មវិធីទី១ គឺការផ្តល់ការថែទាំសុខភាព ឆ្ពោះទៅកម្មវិធីគ្របដណ្ដប់សុខភាពជាសកល។ អនុវត្តតាមយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយអាទិភាពនេះ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋ មន្ត្រីក្រសួងសុខាភិបាល បានរៀបចំក្រុមការងារចុះពង្រឹងគុណភាពសេវាសុខាភិបាល ថ្នាក់មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក រហូតដល់មណ្ឌលសុខភាព និងបុស្ដិ៍សុខភាព។

លោកបណ្ឌិតបញ្ជាក់ថា ក្រុមការងារចុះពង្រឹងគុណភាពសេវាមន្ទីរពេទ្យបង្អែកស្រុក​ក្នុងមួយឆ្នាំចុះ២ដង នេះជាលើកទី២ហើយដែលបានចុះមកខេត្តក្រចេះ។ លោកបានកោតសរសើរអំពីការរីកចម្រើនរបស់មន្ទីរពេទ្យបង្អែកនីមួយៗ បើប្រៀបធៀបនឹងការពិនិត្យលើកទី១កាលពីឆមាសទី២ ឆ្នាំ២០២៣ កន្លងទៅ៕