(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសខួបចម្រើនព្រះជន្ម គម្រប់៧១ យាងចូល ៧២ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤។

តាមរយៈសារលិខិត សម្តេចបានលើកឡើងថា «ទូលព្រះបង្គំជាខ្ញុំ និងភរិយា សូមព្រះបរមរាជានុញ្ញាតលំឱនកាយគោរពថ្វាយនូវកតញ្ញូកតវេទិតាធម៌យ៉ាង ជ្រាលជ្រៅចំពោះព្រះមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌របស់ព្រះអង្គ និងសូមក្រាបបង្គំអភិវន្ធសម្តែង ថ្វាយព្រះសព្ទសាធុការពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរគ្រប់ប្រការថ្វាយ ព្រះករុណាជាអម្ចាស់ជីវិត លើត្បូង ស្ដេចទ្រង់ព្រះប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនខ្លាំងក្លា ព្រះបញ្ញាភ្លឺថ្លា ព្រះជន្មាយុ យឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរណ៍សប្បាយ ថ្កុំថ្កើង រុងរឿងនៃប្រជានុរាស្ត្ររបស់ព្រះអង្គ និងមាតុភូមិអង្គរជាទីស្នេហា»។

ជាថ្មីម្តងទៀត សម្តេចសូមអភិវន្ទលើកហត្ថឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រមទាំងគុណបុណ្យព្រះបារមីនៃដួងព្រះវិញ្ញាណក្ខន្ធអតីត ព្រះមហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ព្រះអង្គ ជាពិសេសឫទ្ធិបារមីនៃដួងព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទ សម្តេចព្រះនរោត្តម សីហនុ ព្រះមរមរតនកោដ្ឋ និងទេវតាឆ្នាំថ្មី ឆ្នាំរោង ព្រះនាម មហោទរាទេវី សូមព្រះអង្គតាមជួយ អភិបាលគ្រងរក្សាថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីព្រះអង្គគង់ប្រថាប់នៅ ក្នុងព្រះសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ និងសេចក្តីសុខក្សេមក្សាន្តដល់ប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជា ជារហូតតរៀងទៅ៕