(ភ្នំពេញ)៖ ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ និងស្ថានីយបូមទឹកកប់ស្រូវ ដែលមានការកកស្ទះ និងមិនអាចរំដោះទឹកចេញបាន ហើយបណ្ដាលឲ្យលិចលង់តាមដងផ្លូវ និងលំនៅដ្ឋានមួយចំនួន ដោយសារសម្ភារកាកសំណល់សំរាមផ្សេងៗ និងត្រូវស្តារសម្អាតឡើងវិញទាំងអស់ ក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋ។

នេះបើតាមការលើកឡើងរបស់លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ នៅក្នុងពេលដែលលោកអញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធមួយចំនួន ចុះពិនិត្យតាមបណ្ដាទីតាំងដោយផ្ទាល់ នូវប្រព័ន្ធបង្ហូររំដោះទឹកចេញនានា ដើម្បីរៀបចំដាក់គ្រឿងចក្រ និងកម្លាំងធ្វើការស្ដារសម្អាតឡើងវិញ នាថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។

លោក ជិន ប៊ុនធឿន បានបញ្ជាក់ថា ប្រព័ន្ធព្រែកអូរវែង ព្រែកបាក់ទូក លូបង្ហូររំដោះទឹកចេញនានា រហូតដល់ស្ថានីយបូមទឹកគីឡូម៉ែត្រលេខ៩ ជាមួយស្ថានីយបូមទឹកកប់ស្រូវ និងត្រូវធ្វើការស្ដារសម្អាតឡើងវិញ ដោយប្រើគ្រឿងចក្រក្នុងការលើកម្ពស់សោភ័ណភាព ពិសេសដើម្បីទប់ស្កាត់ទាន់ពេលវេលាអំពីការលិចលង់តាមដងផ្លូវ និងលំនៅដ្ឋាន ដោយសារជំនន់ទឹកភ្លៀងនារដូវវស្សាជូនប្រជាពលរដ្ឋពាក់ព័ន្ធចំនួន៤ខណ្ឌផ្សេងទៀតមាន (ខណ្ឌសែនសុខ ខណ្ឌ៧មករា ខណ្ឌដូនពេញ, ខណ្ឌទួលគោក) ក្រៅពីជូនប្រជាពលរដ្ឋខណ្ឌឫស្សីកែវ៕