(កំពង់ចាម)៖ លោក លន់ សុផាត អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកបាធាយ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយ អង្គបោះឆ្នោត និងបង្ហាញបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក អាណត្តិទី៤ ឆ្នាំ២០២៤ នៅស្រុកបាធាយ។

នាឱកាសនោះដែរ លោកក៏បានថ្លែងអំណរគុណដល់អង្គបោះឆ្នោតដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាឈ្នះការបោះឆ្នោតព្រឹទ្ធសភា និងអំពាវនាវបន្តបោះឆ្នោតគាំទ្រសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម លោកសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះសមាជិកសមាជិកក្រុមប្រឹក្សាឃុំ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានឈ្នះការបោះឆ្នោតព្រឹទ្ធសភា នាពេលកន្លងទៅ និងសូមបន្តគាំទ្រគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុង ស្រុកបន្តទៀត។

ជាមួយគ្នានោះលោក លន់ សុផាត បានថ្លែងអំណរគុណដល់សមាជិក សមាជិកាក្រុមការងារគណបក្សថ្នាក់ជាតិ និងក្រុមការងារថ្នាក់ក្រោមជាតិដែលបានពួតដៃគ្នាធ្វើកិច្ចការងារ និងលើកទឹកចិត្តបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដើម្បីដណ្តើមយកជ័យជម្នះដ៏ត្រចះត្រចង់ ជូនគណបក្សប្រជាជនកម្ពុជានៅក្នុងការបោះឆ្នោតខាងមុខ។

យោងតាមលទ្ធផលផ្លូវការ នៃការចុះឈ្មោះបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនៅទូទាំងប្រទេស មានក្រុង ស្រុក ខណ្ឌចំនួន ២០៩ឃុំ សង្កាត់ ១.៦៥២ ការិយាល័យបោះឆ្នោត ២០៩ ចំនួន អង្គបោះឆ្នោត ១១,៦២២នាក់ ស្ត្រី ២,៥៧៤នាក់៕