(ព្រះសីហនុ)៖ កម្លាំងផែនការងារសន្ដិសុខ និងផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះស្រាវជ្រាវ និងបង្រ្កាបករណី កាន់កាប់អាវុធខុសច្បាប់ និងផលិត ជួញដូរ ព្រមទាំងកែច្នៃដោយខុសច្បាប់នូវសារធាតុញៀន ចំនួន ១កន្លែង នៅចំណុចសណ្ឋាគារជូហេតាង ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដោយបានឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ព្រមទាំងដកហូតវត្ថុតាងមួយចំនួន។

ប្រតិបត្តិការនេះបានធ្វើឡើងកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ១៥និង០០នាទី ដោយទទួលបានបទបញ្ជាពី ឯកឧត្ដម ឧត្ដមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញាររង នៃអយ្យការអមសាលាដំបូងខេត្ដព្រះសីហនុ។

យោងតាមរបាយការណ៍បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ PENG XIONGFENG ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិចិន មុខរបរ មិនពិតប្រាកដ មានទីកន្លែងកំណើតនៅខេត្ដហ៊ូណាន ប្រទេសចិន។ បច្ចុប្បន្នទីលំនៅបច្ចុប្បន្ន: ក្រុមទី១៥ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ។

វត្ថុតាងដកហូតបានរួមមាន៖
-សារធាតុញៀនទម្ងន់សរុប ៥៨១៤២,៣០ក្រាម (ទម្ងន់សុទ្ធ) ស្មើនឹង ៥៨គីឡូ ១៤២,៣០ក្រាម ក្នុងនោះ៖ (សារធាតុញៀនប្រភេទមេតំហ្វតាមីន (ICE) ,សារធាតុញៀនប្រភេទមេតំហ្វេតាមីន (WY),សារធាតុញៀនប្រភេទកេតាមីន (K) ,សារធាតុញៀនប្រភេទអ៊ិចស្ដាស៊ី (MDMA) )
-ទូរស័ព្ទដៃចំនួន ០២គ្រឿង, ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន ០៤គ្រឿង, ផ្លាកលេខរថយន្ដចំនួន ០៤ផ្លាក, ឧបករណ៍ផលិត កែច្នៃ និងថង់វេចខ្ចប់គ្រឿងញៀនមួយចំនួនធំ
-អាវុធវែងចំនួន០៣ដើម (ម៉ាកAKM ពណ៍ខ្មៅ មានបង់ចំនួន១ ,ម៉ាកEKOL 9MM P.A ពណ៍ខ្មៅ មានបង់ចំនួន១ និហម៉ាកLITTLE BADGER-ITALY ពណ៍ខ្មៅ គ្មានបង់ )។
-អាវុធខ្លីចំនួន ០៥ដើម (ម៉ាកGLOCK 17 GEN4-AUSTRIA ពណ៍ខ្មៅ,ម៉ាកSIGSAUER ពណ៍ខ្មៅ មានបង់ចំនួន២ ,ម៉ាកZORAKI M906-T ពណ៍ខ្មៅ មានបង់ចំនួន១ ,ម៉ាកZORAKI 4918-TD ពណ៍ខ្មៅ មានបង់ចំនួន១ និងម៉ាក BERETTA-MCO 950 B-CAL635 )។
-គ្រាប់អាវុធប្រភេទ អឹមសី ចំនួន ១១៣ គ្រាប់ , គ្រាប់ប្រភេទ AK ចំនួន ១០២ គ្រាប់ , គ្រាប់អាវុធប្រភេទ 380 ចំនួន ២១៩គ្រាប់ , គ្រាប់អាវុធប្រភេទ 9mm ចំនួន ១៥០គ្រាប់ និងគ្រាប់អាវុធប្រភេទ បេអាតា ចំនួន ៧៥គ្រាប់ ។
-បំពង់ទប់សម្លេងអាវុធ ចំនួន ៣
-គ្រាប់បែកក្រឡាទាប ចំនួន ១ ។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងខាងលើ ត្រូវសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ចាត់ការតាមនីតិវិធីច្បាប់៕