(តាកែវ)៖ នាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ថ្លែងទៅកាន់តំណាងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ អាជ្ញាធរដែនដី និងប្រជាជនភូមិតានន ឃុំដូង ស្រុកបាទី ខេត្តតាកែវ សរុប១០០រូប ដែលបានចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារពហុបំណងរបស់ភូមិតានន។ ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាលវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានមានប្រសាសន៍ថា ក្រោមម្លប់សុខសន្តិភាព លំហសេរីភាពពេញបរិបូរណ៍ ការអភិវឌ្ឍគ្រប់វិស័យក្នុងប្រទេសកម្ពុជាដែលប្រជាជនកម្ពុជាទទួលបានក្រោមការដឹកនាំដ៏ឈ្លាសវៃនិងក្លៀវក្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបានបន្តវេនពីការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាស្ថាបនិកឯកសន្តិភាពនៅកម្ពុជា និងឈរយ៉ាងរឹងមាំនៅលើទម្រនៃចំណងការទូតដែកថែបជាប្រពៃណីនៃថ្នាក់ដឹកនាំប្រទេសយើងទាំងពីរ ទើបសមិទ្ធផលនៃអគារពហុបំណងរបស់ភូមិតានននេះបានក្លាយចំណងដៃដ៏រឹងមាំនៃកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិលនៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន។

តាមរយៈលោក  Liu Zhanguo ប្រធានមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) ឯកឧត្តមបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធរបស់CFPDតំណាងឱ្យសង្គមស៊ីវិលរបស់មិត្តចិននៅកម្ពុជាដែលតែងបានកៀរគរធនធានហិរញ្ញវត្ថុ និងផ្តល់ប្រឹក្សាបច្ចេកទេសនានារួមគ្នាជាមួយអាជ្ញាធរមូលដ្ឋាននិងសង្គមស៊ីវិលកម្ពុជាក្នុងកិច្ចអភិវឌ្ឍភូមិតាននដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាជនភូមិតានននិយាយដោយឡែក ប្រជាជននៅក្នុងឃុំដូងនិយាយរួម។

ក្នុងនាមប្រជាជនភូមិតានន លោក ស្រ៊ុន ហៃ ប្រធានគណៈកម្មការអភិវឌ្ឍភូមិតាននបានមានប្រសាសន៍ថា ជាងពេលណាៗទាំងអស់ដែលប្រជាជនកម្ពុជារស់នៅនាសករាជតេជោទទួលបាននូវវិបុលភាព និងវឌ្ឍនភាព ហើយអគារពហុបំណងក្នុងភូមិតានននេះនឹងចារឹកទុកភ្ជាប់ជាមួយប្រវត្តិភូមិតាននដែលត្រូវបានចាត់ទុកអគារនេះជាផ្ទះរបស់សហគមន៍ ជាទ្រព្យសម្បត្តិរួម ជាទីសក្ការៈបូជា ជាទីតាំងលើកស្ទួយវប្បធម៌ ជាមជ្ឈមណ្ឌលសិក្សា ដើម្បីបម្រើដល់ប្រយោជន៍សាធារណៈ ដូចជាការបណ្តុះបណ្តាល ការផ្សព្វផ្សាយ និងការអប់រំសហគមន៍ ដែលនឹងផ្តល់ផលប្រយោជន៍រួមចំណែកលើកកម្ពស់ជីវភាពរស់នៅកាន់តែល្អប្រសើរជូនដល់ប្រជាជនក្នុងភូមិតានន។

លោក  Liu Zhanguo ប្រធានCFPDប្រចាំកម្ពុជាបានថ្លែងនូវការកោតសរសើរចំពោះឆន្ទៈប្រកបដោយមនសិការបម្រើប្រជាជនទាំងកម្លាំងកាយ ទាំងកម្លាំងចិត្តពីសំណាក់វេទិកាសម្ព័ន្ធសង្គមស៊ីវិលដែលមានឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ជាអ្នកដឹកនាំ បានចូលរួមលើកទឹកចិត្តនិងផ្តល់នូវគន្លឹះដល់ការអភិវឌ្ឍនៅក្នុងភូមិតានន។ កិច្ចអភិវឌ្ឍភូមិតាននដែលបានចាប់ចេញដំណើរតាំងពីឆ្នាំ២០២១មកបានផ្តល់ជាទឡ្ហីករណ៍គូសរំលេចពីការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ហើយក៏ជាការបង្ហាញនូវស្មារតីបង្កើនវិបុលភាព និងសុខដុមរមនាជូនដល់ប្រជាជនតាមរយៈគម្រោងនានាដែលភាគីចិនបានរួមសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិល។

ជាសច្ចភាពដែលមិនអាចប្រកែកបាន ក្រៅពីអគារពហុបំណងភូមិតានននេះ នៅមានគម្រោងនានាជាច្រើនដែលសង្គមស៊ីវិលមិត្តចិនបានគាំទ្រដល់សង្គមស៊ីវិលកម្ពុជាក្រោមកិច្ចសម្របសម្រួលពីវេទិកាសម្ព័ន្ធសង្គមស៊ីវិល ប្រជាជនក្នុងភូមិតាននយល់យ៉ាងច្បាស់លាស់ថាពិតជាបានរួមចំណែកបង្កើនភយ្យោភាពសុភមង្គលដល់ប្រជាជនរស់នៅភូមិតានន៕