(ភ្នំពេញ)៖ ក្រសួងកិច្ចការនារី និង ធនាគារជាតិនៃកម្ពុជា បានទទួលពានរង្វាន់សកលថ្នាក់ក្រសួង (Global Summit of Women 2024 Roundtable Ministerial Award) លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងសី្រ» តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង» ពីកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤ ដែលត្រូវបានរៀបចំ ឡើងនៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៣​ ខែឧសភា ឆ្នាំ២០២៤។

គណៈប្រតិភូកម្ពុជា ដឹកនាំដោយ លោកស្រីកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បាននាំយកគម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈការប្រើប្រាស់ប្រព័ន្ធទូទាត់ «បាគង-អភិវឌ្ឍ ដោយធនាគារជាតិនៃកម្ពុជា បង្ហាញជូនដល់អង្គប្រជុំ នៅក្នុងវេទិកាតុមូលថ្នាក់រដ្ឋមន្ត្រី នៃកិច្ចប្រជុំកំពូលស្រ្តីពិភពលោក ឆ្នាំ២០២៤»

ក្រោយពីវាយតម្លៃ និងពិនិត្យយ៉ាងល្អិតល្អន់ដោយគណៈកម្មការនៃកិច្ចប្រជុំកំពូលស្តីពិភពលោករួចមក គម្រោងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី តាមរយៈប្រព័ន្ធទូទាត់បាគង ត្រូវបានចាត់ទុកថាជាគម្រោងដែលបានផ្តល់អត្ថប្រយោជន៍ និងរួមចំណែកដ៏សំខាន់ ក្នុងការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី និងសហគ្រិនស្ត្រី ជាពិសេសស្ត្រីដែលរស់នៅតាមតំបន់ជនបទ ហើយត្រូវបានគណៈកម្មការបានសម្រេចផ្ដល់ពានរង្វាន់សកលថ្នាក់ក្រសួង លើ «គម្រោងដែលមានផលជះវិជ្ជមានចំពោះស្រ្តី និងក្មេងស្រី» ដល់ស្ថាប័នទាំងពីរ។

គម្រោងនេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងក្របខណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១របស់រាជរដ្ឋាភិបាល សំដៅឆ្ពោះទៅសម្រេចឲ្យបានសេដ្ឋកិច្ចឌីជីថល សង្គមឌីជីថល និងប្រជាពលរដ្ឋឌីជីថលតាមរយៈការអភិវឌ្ឍមូលធនមនុស្សផ្នែកឌីជីថល និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ដោយបង្កើនភាព អង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី លើកកម្ពស់អក្ខរកម្មហិរញ្ញវត្ថុឌីជីថល និងធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ស្ត្រី ព្រមទាំងក្រុមគ្រួសារ តាមរយៈ៖

១៖ ការផ្តល់ឯករាជ្យភាពផ្នែកហិរញ្ញវត្ថុ និងជួយពួកគេឲ្យកាន់តែមានសមត្ថភាព និងលទ្ធភាពគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួន
២៖ ការជួយសហគ្រិនស្រ្តី ឲ្យទទួលបានសេវាទូទាត់តាមប្រព័ន្ធឌីជីថល ដែលមានភាពងាយស្រួល រហ័ស និងមានសុវត្ថិភាពខ្ពស់
និង៣៖ ការគាំទ្រស្ដី្រឲ្យទទួលបានសេវាហិរញ្ញវត្ថុផ្លូវការផ្សេងៗ ដូចជាសេវាឥណទាន និងសេវាប្រាក់បញ្ញើ ដែលជាមូលដ្ឋានដ៏សំខាន់ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្ម ក៏ដូចជាវិនិយោគក្នុងការអប់រំ ឬ ត្រៀមទុកសម្រាប់គ្រាអាសន្ន៕