(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាននិយាយថាការវាយប្រហារទ្រង់ទ្រាយធំណាមួយរបស់អ៉ីស្រាអែលលើទីក្រុង Rafah នៃភាគខាងត្បូងតំបន់ហ្កាហ្សា នឹងមិនអាចកម្ចាត់ក្រុមហាម៉ាសបានឡើយ តែផ្ទុយទៅវិញមានតែបង្កភាពអាណាធិបតេយ្យ ខណៈវ៉ាស៊ីនតោន បានបង្កើនការដាក់សម្ពាធប្រឆាំងនឹងប្រតិបត្តិការយោធារបៀបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

សហរដ្ឋអាមេរិក និងបណ្ដាប្រទេសដទៃទៀត រួមទាំងប្រមុខ UN បានព្រមានម្ដងហើយម្ដងទៀតថាការវាយប្រហាររបស់អ៉ីស្រាអែលលើទីក្រុង Rafah នឹងបង្កផលប៉ះពាល់យ៉ាងមហន្តរាយដល់ជនស៊ីវិលប៉ាឡេស្ទីន ដែលកំពុងរស់នៅយ៉ាងលំបាកវេទនាស្រាប់ទៅហើយនោះ។ អ៉ីស្រាអែលវិញបានអះអាងថា ខ្លួនកំពុងព្យាយាមកាត់បន្ថយផលប៉ះពាល់លើជនស៊ីវិល។

ក៏ប៉ុន្តែ នៅពេលត្រូវបានសាកសួរក្នុងបទសម្ភាសន៍ជាមួយកម្មវិធី Face the Nation របស់ទូរទស្សន៍អាមេរិក CBS កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា ថាតើសហរដ្ឋអាមេរិកយល់ស្របថាតើកងកម្លាំងអ៉ីស្រាអែលពិតជាបានសម្លាប់ជនស៊ីវិលច្រើនជាងក្រុមអ្នកប្រយុទ្ធហាម៉ាសដែរឬក៏យ៉ាងណា? លោក Blinken បានឆ្លើយថា «ពិតណាស់ យើងពិតជាយល់ស្របដូច្នោះ»។ លោកបន្ថែមទៀតថា «ការវាយប្រហារទ្រង់ទ្រាយធំណាមួយលើទីក្រុង Rafah នឹងមិនអាចលុបបំបាត់ការគំរាមកំហែងពីក្រុមហាម៉ាសបាននោះទេ ហើយមានតែបង្កជាភាពអាណាធិបតេយ្យតែប៉ុណ្ណោះ»

គួរបញ្ជាក់ថា ទោះជាមានការព្រមានបញ្ឈប់ដឹកជញ្ជូនអាវុធមួយចំនួនពីសំណាក់លោក ចូ បៃដិនក៏ដោយ ក៏អ៉ីស្រាអែលនៅតែបន្តការទម្លាក់គ្រាប់បែកលើ តំបន់ភាគខាងកើតនៃទីក្រុង Rafah និងបង្គាប់ឱ្យប្រជាជនប៉ាឡេស្ទីន ៣០០ ០០០នាក់ហើយជម្លៀសខ្លួនចេញពីតំបន់នេះ៕