(ភ្នំពេញ)៖ ក្រុមយុវជនសង្គមស៊ីវិល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីថ្លែងការណ៍សម្តែងការសោយស្តាយចំពោះយុវជនចលនាខុសច្បាប់មួយចំនួន ដែលយកវិស័យបរិស្ថានធ្វើជាឈ្នាន់នយោបាយ តាមរយៈការប្រើលេសស្រឡាញ់បរិស្ថាន ការពារបរិស្ថាន ហើយតែងតែផ្សព្វផ្សាយវាយប្រហារមកលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យមិនល្អ ដោយមិនបានសិក្សាពីស្ថាប័នពាក់ព័ន្ធ ពិសេសស្ថាប័នក្រសួងបរិស្ថានជាដើម។

តាមរយៈសារលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន, ក្រុមយុវជនសង្គមស៊ីវិល បានលើកឡើងថា ការចុះផ្សាយព័ត៌មានរបស់ពួកគេកន្លងមក គ្រាន់តែជាសេណារីយ៉ូរបស់ជនបរទេសអ្នកនៅពីក្រោយតែប៉ុណ្ណោះ គឺមិនបានឆ្លុះបញ្ចាំងពី តថភាពពិតនៅកម្ពុជាឡើយ បែរជាបង្ហាញតែព័ត៌មានមិនច្បាស់លាស់មួយជ្រុងទៅឱ្យមហាជនយល់ច្រឡំទៅវិញ ពិសេសពួកគេបានបង្កើតព្រឹត្តិការណ៍ធ្វើសកម្មភាពជាច្រើនបង្កភាពភាន់ច្រឡំ និងបង្កើតភាពវឹកវរមានលក្ខណៈញុះញង់ជាដើម។

ក្រុមយុវជនសង្គមស៊ីវិល បានបន្តថា ក្រុមយុវជនមួយចំនួនគឺពួកគេកំពុងតែរិះរកវិធីសាស្ត្រយករឿងបរិស្ថានធ្វើជាឈ្នាន់នយោបាយបម្រើ ជនបរទេសទាំងមិនដឹងខ្លួន គឺងប់ងុលលង់លក់ដោយមិនបានបើកចិត្តទូលាយ មើលការខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ពួកគេត្រូវបានមនោគមវិជ្ជាខ្មៅកខ្វក់ពីក្រុមជ្រុលនិយម ដោយមិនបានបើកចិត្តទទួលយកសមិទ្ធផលជាច្រើននៅក្នុងប្រទេសខ្លួន។គួរឱ្យសង្វេកដល់ដួងប្រលឹងបុព្វបុរសខ្មែរគ្រប់ជំនាន់ ដែលខំសាងស្នាដៃនិងការពារទឹកដីសុវណ្ណភូមិតាំងពីដើមរាងមក ក្នុងនាមជាយុវជនខ្មែរបែរជាបណ្តោយខ្លួន ឱ្យចាញ់កល់មនោគមវិជ្ជាខ្មៅកខ្វក់របស់ក្រុមបរទេសជ្រុលនិយមទៅវិញ។

ក្រុមយុវជនសង្គមស៊ីវិល បានបន្ថែមថា ចំពោះអ្នកនយោបាយភៀសខ្លួនទណ្ឌិតខុសច្បាប់ក្រៅប្រទេសចាស់វស្សា បែរជាយករូបភាពយុវជន និងបង្វក់ឲ្យយុវជនធ្វើសកម្មភាពមិនហុចផលជូនសង្គមជាតិ ហើយថែមទាំងនៅពីក្រោយយុវជន ដើម្បីចាក់គ្រឹះឆ្កៀល ដើម្បីតែកេងចំណេញនយោបាយជ្រុលនិយមខ្មៅកខ្វក់របស់ខ្លួនទៅវិញ។

យុវជនសង្គមស៊ីវិល បានអំពាវដល់ក្រុមយុវជនមួយចំនួនតូចដែលកំពុងដើរផ្លូវខុស សូមយកស្មារតីជាតិនិយមជាធំ កុំព្រោះតែផលប្រយោជន៍ផ្ទាល់ខ្លួនបន្តិចបន្តួច ហ៊ានហាមាត់និយាយបង្អួចជាតិសាសន៍ខ្លួនឯង និងសូមពួកគេយកចំណេះជំនាញរបស់ខ្លួនមកអភិវឌ្ឍប្រទេសជាតិរួមគ្នា ធ្វើសកម្មភាពឱ្យស្របទៅតាមច្បាប់ជាធរមានឡើងវិញ។

ក្រុមយុវជនសង្គមស៊ីវិល បានបន្តទៀតថា ខ្លួនមិនអាចឱបដៃឈរមើលចំពោះយុវជន ឬជនបរទេស និងបណ្តាលអង្គការសមាគមណាមកចង់កេញចំណេញនយោបាយ ឬបង្កើតភាពវឹកវរនៅប្រទេសកម្ពុជាជាដាច់ខាត ហើយក្រុមយុវជនសង្គមស៊ីវិល ប្តេជ្ញាប្រើសិទ្ធិក្នុងនាមជាយុវជនខ្មែរ ដើម្បីចូលរួមឆ្លើយតបគ្រប់រូបភាព និងសកម្មភាពជាក់ស្តែងត្រឡប់ទៅវិញ៕