(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោកស្រី ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតនៃប្រទេសកាណាដាប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប លោកស្រីអគ្គរដ្ឋទូត បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោកស្រី និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានបញ្ជាក់អំពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត និងកិច្ចសហប្រតិបត្តិការល្អ រវាងកាណាដា-កម្ពុជា ដែលជាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា។

ក្នុងអាណត្តិការទូតនៅកម្ពុជា លោកស្រីឯកអគ្គរដ្ឋទូត ប្តេជ្ញាខិតខំបន្តពង្រឹង និងពង្រីកទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឲ្យកាន់តែរីកចម្រើន។ បន្ថែមលើនេះ លោកស្រីឯកអគ្គរដ្ឋទូត ក៏បានគោរពជម្រាបជូនសម្តេចធិបតី អំពីការបន្តជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងកាណាដា-កម្ពុជា ក៏ដូចជាការពង្រឹងការវិនិយោគប្រកបដោយគុណភាពរបស់ក្រុមហ៊ុនកាណាដានៅកម្ពុជាផងដែរ។

ជាការឆ្លើយតប សម្តេចធិបតី ហ៊ុន ម៉ាណែត បានស្វាគមន៍ចំពោះ លោកស្រី ពីង គិតនីកន និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញបេសកកម្មការងារនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលជាចំណងការទូតជាង៧០ឆ្នាំមកហើយ និងបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនកាណាដា ដែលបានចូលរួមចំណែក ក្នុងការកសាងសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក ការកសាងធនធានមនុស្ស ជាពិសេសការបណ្តុះបណ្តាលដល់កងកម្លាំងរក្សាសន្តិភាពមួកខៀវរបស់កម្ពុជា និងការគាំទ្រដល់វិស័យបោសសម្អាតមីន។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងវិនិយោគ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះសភាពាណិជ្ជកម្មកម្ពុជា បានបង្កើតនូវតំណាងសភាពាណិជ្ជកម្មនៅប្រទេសកាណាដា ដែលជាផ្នែកមួយ នៃការភ្ជាប់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

បន្ថែមលើនេះ សម្តេចធិបតី បានបញ្ជាក់ជូនលោកស្រីឯកអគ្គរដ្ឋទូត អំពីគោលនយោបាយទាក់ទាញ និងលើកទឹកចិត្តវិនិយោគិននៅកម្ពុជា តាមរយៈការអនុវត្តច្បាប់ស្តីអំពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការដាក់ចេញនូវគោលនយោបាយជាក់ស្ដែង ដើម្បីគាំទ្រដល់បរិយាកាសវិនិយោគ និងរក្សាភាពប្រកួតប្រជែងរបស់កម្ពុជា ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

ទន្ទឹមនោះ សម្ដេចធិបតីក៏បានគូសរំលេចអំពីការដាក់ចេញនូវគោលនយោបាយ និងយន្តការបន្ថែមទៀតក្នុងការគាំទ្រ និងដោះស្រាយនូវបញ្ហាប្រឈមនានារបស់វិនិយោគិននៅកម្ពុជា តាមរយៈការរៀបចំនូវវេទិការវាងរាជរដ្ឋាភិបាល-ផ្នែកឯកជន និងការបង្កើតក្រុមការងារតាមដានលើការអនុវត្តគោលនយោបាយ វិធានការ និងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមនានា របស់វិនិយោគិន។

មុននឹងបញ្ចប់ សម្តេចធិបតី និងលោកស្រីឯកអគ្គរដ្ឋទូត ក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់ក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដោយផ្តោតលើគំនិតផ្តួចផ្តើមស្តីពីយុទ្ធស្ត្រឥណ្ឌូ-ប៉ាស៊ីហ្វិក របស់ប្រទេសកាណាដា និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា ដែលជាផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ ដើម្បីសន្ដិភាព ស្ថិរភាព ​វិបុលភាព និង​ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ជាទីបញ្ចប់ សម្តេចធិបតី បានជូនពរលោកស្រីឯកអគ្គរដ្ឋទូត ឲ្យទទួលបានជោគជ័យ ក្នុងបេសកកម្មការទូតរបស់លោកស្រីនៅកម្ពុជា៕