(បន្តាយមានជ័យ)៖ បុរសវ័យចំណាស់ម្នាក់បានយកគ្រាប់បែក DK75 ចាស់ដែលបន្សល់ទុកតាំងពីសម័យសង្គ្រាម យកដំជាបំណែកធ្វើជាកណ្តឹងគោ ស្រាប់តែផ្ទុះអំបែងគ្រាប់ខ្ទាតត្រូវចំសុះសាច់ បណ្តាលឲ្យស្លាប់ ភ្លាមៗនៅនឹងកន្លែងតែម្តង កាលពីរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិ ត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

នគរបាលស្រុកភ្នំស្រុក បានប្រាប់ឲ្យដឹងថា នៅពេលថ្ងៃកើតហេតុនោះជនរងគ្រោះ ឈ្មោះ ប្រង ប៊ិស អាយុ៤៥ឆ្នាំ រស់នៅភូមិត្រាង ឃុំភ្នំដី ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បានយកគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះប្រភេទគ្រាប់ DK75 មួយគ្រាប់ដែលខ្លួន បានទៅភ្ជួរចម្ការប្រទះឃើញឡើងចាស់បានយកមកទុកនៅក្រោមជង្រុកជាង១ឆ្នាំមកយើយ ដោយមិនរាយការណ៍ឲ្យសមត្ថកិច្ចបានដឹងនោះឡើយ។

លុះនៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ជនរងគ្រោះបានយកគ្រាប់យុទ្ធភ័ណ្ឌមិនផ្ទុះប្រភេទគ្រាប់ DK75 ដែលខ្លួនលាក់ទុកនោះយកមកដុំដើម្បីបំបែកជា២កំណាត់ ក្នុងគោលបំណងកែច្នៃធ្វើជាកន្តឹងគោ ក្រោយពីដុំបែក ហើយស្រាប់តែផ្ទុះ បណ្តាលឲ្យបំណែកគ្រាប់ខ្ទាតត្រូវសំសុះសាច់ស្លាប់ភ្លាមៗ។ ដោយឡែកប្រពន្ធរវល់ទៅចម្ការ ហើយកូនទី១ ដេកលើផ្ទះ កូនទី២ អង្គុយមើលឪពុកដំគ្រាប់ចម្ងាយជាង១០ម៉ែត្រតែមិនរងគ្រោះថ្នាក់ទេ។

ក្រោយពីកើតហេតុ នគរបាល និងមន្ត្រីជំនាញចុះមកដល់កន្លែងកើតហេតុបានការស្រាវជ្រាវគ្រាប់ប្រាប់ឲ្យដឹងថា ក្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនេះ បើទោះបីគ្រាប់នេះកប់ក្នុងដីបន្សល់ទុកតាំងពីសម័យ សង្គ្រាមយ៉ាងណា ក៏ដោយក៏នៅតែអាចផ្ទុះបានដែរ។

នគរបាល និងមន្ត្រីជំនាញក្រោយធ្វើកំណត់ហេតុ បានប្រគល់សពទៅឲ្យក្រុមគ្រួសារធ្វើទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕