(ភ្នំពេញ)៖ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន បណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យលោក Carson Harte នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលស្តារលទ្ធភាព ពលកម្មកាយសម្បទាភ្នំពេញ (Exceed Worldwide) លោក Marc Slot នាយកអង្គការ ICRC និងលោក Connor លេខាស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជាទទួលបន្ទុកកម្មវិធី ACCESS (Australia- Cambodia Cooperation for Equitable Sustainable Services) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការផ្តល់សេវាកម្ម និងកិច្ចសង្រ្គោះជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។

ក្នុងជំនួបពិភាក្សានោះ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន, បណ្ឌិត លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមរបស់ មជ្ឈមណ្ឌល Exceed Worldwide អង្គការ ICRC និងកម្មវិធី ACCESS ដែលបានចូលរួមយ៉ាងសកម្មក្នុងកិច្ចគាំពារបីបាច់ថែទាំ និងការផ្តល់សេវាកម្មនានាដល់ជនមានពិការភាព ជាពិសេសជនរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទះពីសង្រ្គាម រួមទាំងការគាំទ្រសហគមន៍ឱ្យទទួលបាននូវឱកាសអប់រំ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ការងារ ឬការបង្កើតអាជីវកម្មថ្មីៗ ជាដើម។

ទេសរដ្ឋមន្រ្តី បានលើកឡើងថា គ្រាប់មីនដែលកប់ក្នុងដីរាប់សិបឆ្នាំ មិនអស់សុពលភាពនោះទេ វានៅតែអាចបង្កនូវគ្រោះថ្នាក់ដល់មនុស្សគ្រប់ពេលវេលា។ ក្នុងនោះគ្រាប់មីនប្រមាណជាង ១១០លានគ្រាប់ គឺជាគ្រាប់មីនសកម្ម ត្រូវបានកប់ក្នុងដីនៅប្រទេសជាង ៦០ ជុំវិញពិភពលោក និងបាននឹងកំពុងបង្កគ្រោះថ្នាក់ដល់មនុស្សស្លាប់ ពិការ និងរងរបួសប្រមាណជិត ៥០០០ នាក់ ជារៀងរាល់ឆ្នាំ។ ផលវិបាកនៃជនរងគ្រោះដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម នីមួយៗ មិនត្រឹមប៉ះពាល់ដល់គ្រួសារប៉ណ្ណោះទេ ប៉ុន្តែប៉ះពាល់សហគមន៍ និងសង្គមជាតិទាំងមូល ហើយកិច្ចសង្រ្គោះជនរងគ្រោះ គឺជាកិច្ចការមួយចាំបាច់មួយផងដែរ ដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ខ្ពស់ទាំងជនមានពិការភាព គ្រួសារ និងសហគមន៍ ដើម្បីធានាថាជនរងគ្រោះទាំងអស់ទទួលបានសិទ្ធិ និងការគាំទ្រពេញលេញពីរាជរដ្ឋាភិបាល។

ទេសរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ទោះបីកម្ពុជា ទទួលបានជោគជ័យក្នុងការដោះស្រាយបញ្ហាគ្រាប់មីនបានច្រើនយ៉ាងណាក្តី ប៉ុន្តែកម្ពុជានៅតែបន្តរងផលប៉ះពាល់ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដែលនៅសេសសល់ ដែលតម្រូវឱ្យមានចូលរួមចំណែកពីប្រទេសជាមិត្ត និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ ផងដែរ៕