(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងសួរសុខទុក្ខដល់នាយទាហាន នាយទាហានរង និងពលទាហាននៅបញ្ជាការដ្ឋានទ័ពពិសេសក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ពិធីនេះដោយមានការចូលរួមពីប្រតិភូអមដំណើរ នាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានទ័ពពិសេស ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ សៅ សុខា បានបង្ហាញក្តីសោមនស្សសប្បាយរីករាយក្រៃលែងដោយ បានមកសួរសុខទុក្ខ សំណេះសំណាលដោយផ្ទាល់ជាមួយបងប្អូន នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានកងទ័ពពិសេស ការជួបជុំគ្នាដ៏ច្រើនកុះករ នាពេលនេះ គឺស្របពេលនឹងការគម្រប់ខួបលើកទី៤៦ឆ្នាំ នៃការបង្កើតកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ១២ ឧសភា ១៩៧៨ - ១២ ឧសភា ២០២៤។

នាយឧត្តមសេនីយ៍ បាននាំយកនូវបណ្តាំសាកសួរសុខទុក្ខ នឹករលឹកពីសំណាក់អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ, ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ជូនចំពោះនាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានទ័ពពិសេសទាំងអស់។ តាមរយៈអស់លោកដែលវត្តមាននៅទីនេះ សូមផ្តាំផ្ញើនូវការសាកសួរសុខទុក្ខចំពោះគ្រួសារ ដែលមានប្អូនស្រីជាភរិយា ក្មួយជាកូន ជាចៅ លោកឪពុក អ្នកម្តាយរបស់អស់លោកទាំងអស់ ជាមួយការជូនពរសូមមាន សុខភាពល្អបរិបូរណ៍ ជន្មាយុវែង សម្បូរទ្រព្យ ចម្រើនបញ្ញា គ្រប់ក្រុមគ្រួសារមានសុភមង្គល ធ្វើដំណើរទៅឆ្ងាយជិត តាមមធ្យោបាយទឹក គោក អាកាស សូមប្រកបដោយសុវត្ថិភាព។

នាយឧត្តមសេនីយ៍ មេបញ្ជាការ បានបន្តថា កម្ពុជាមានសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដីពេញលេញបាន ២៦ឆ្នាំ ៧ខែ និង ១៦ថ្ងៃហើយ។ បន្ទាប់ពីប្រទេសធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្រ្គាម នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ និងរបបប្រល័យពូជសាសន៍អស់រយៈពេល ២៨ឆ្នាំ ៨ខែ និង ១១ថ្ងៃ គិតត្រឹមថ្ងៃនេះ ពេលនេះ តែបើក្រឡេកត្រឡប់ទៅអានប្រវត្តិសាស្ត្រកម្ពុជានោះនឹងឃើញថា នេះជាលើកដំបូងហើយដែលប្រទេស និងប្រជាជនកម្ពុជា ស្គាល់ពាក្យសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី ក្នុងរយៈជាង ៥០០ឆ្នាំ។

សន្តិភាពពិតជាមានតម្លៃព្រោះសន្តិភាព បាននាំឲ្យយើងជួបជុំក្រុមគ្រួសារ សប្បាយរីករាយ សន្តិភាពផ្តល់ឱកាសឲ្យយើងនូវការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍនោះហើយបានផ្តល់ជីវភាពរស់កាន់តែប្រសើរឡើងជាបណ្តើរៗ។ សន្តិភាពនេះ គឺបានកើតឡើងពីនយោបាយឈ្នះឈ្នះ ដែលដឹកនាំ និងបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន។ យើងទាំងអស់គ្នានៅទីនេះសូមថ្លែងអំណរគុណ និងសូមជូនពរសម្តេចតេជោ ហ៊ុន សែន សូមសម្តេចមានសុខភាពល្អបរិបូរណ៍ ជន្មាយុវែងបន្តដឹកនាំប្រទេសជាតិ ឲ្យកាន់តែអភិវឌ្ឍន៍ជឿនលឿនបន្ថែមទៀត។

នាយឧត្តមសេនីយ៍ ក៏បានថ្លែងនូវការអបអរសាទរជាមួយ និងសមិទ្ធផលដ៏ច្រើនសន្ធឹកសន្ធាប់រីកដុះដាលលើគ្រប់វិស័យរបស់រាជរដ្ឋាភិបាល។ កងយោធពលខេមរភូមិន្ទ បានរួមចំណែកបង្កើតស្នាដៃ និងសមិទ្ធផលមានជាអាទិ៍៖ ការចូលរួមផ្តួលរំលំរបបប្រល័យពូជសាសន៍ រំដោះប្រទេស សង្រ្គោះអាយុជីវិតប្រជាជនកម្ពុជានាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ការទប់ស្កាត់ការវិលត្រឡប់មកវិញ នៃរបបប្រល័យពូជសាសន៍ ធ្វើជាស្នូលក្នុងការអនុវត្តនយោបាយឈ្នះឈ្នះ ចូលរួមស្ថាបនា ហេដ្ឋារចនាសម្ព័ន្ធមាន ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ ទំនប់ ប្រឡាយ ធារាសាស្ត្រ ដោះម៉ីនរំដោះដីស្រែជូនប្រជាជន ការពារសន្តិសុខ សណ្តាប់ធ្នាប់ បង្ក្រាបបទល្មើស ការពារ ធនធានធម្មជាតិ គាំទ្រស្ថាប័នប្រមូលចំណូលថវិកាជាតិរាប់ពាន់ម៉ឺនលានដុល្លារ សង្រ្គោះប្រជាជនពេលជួបគ្រោះមហន្តរាយ និងចូលរួមថែរក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ លើកកម្ពស់កិត្យានុភាពព្រះរាជាណាចក្រកម្ពុជានៅលើឆាកអន្តរជាតិ។ល។

ដោយឡែកបញ្ជាការដ្ឋានទ័ពពិសេស (អតីតកងពលតូច៩១១ ទ័ពពិសេស) ចាប់ពីថ្ងៃបង្កើតយុទ្ធជន យុទ្ធនារីក្នុងកងពលបង្កើតបានស្នាដៃសមិទ្ធផលជាច្រើន តាមរយៈស្នាដៃសមិទ្ធផលនោះហើយ កងពលតូចពិសេស និងឆ័ត្រយោង ៩១១ ត្រូវបានដំឡើងកម្រិតមកជាបញ្ជាការដ្ឋានទ័ពពិសេស។ ដូច្នេះសូមនាយទាហាន នាយទាហានរង និងពលទាហានគ្រប់រូប គ្រប់ជំនាន់ ត្រូវមានមោទនភាពផង និងមានការទទួលខុសត្រូវថែរក្សាប្រពៃណី ស្នាដៃ សមិទ្ធផល ដែលរៀមច្បងបានធ្វើពលិកម្មកសាងទុកមកឲ្យបានយូរអង្វែងសម្រាប់ជាប្រយោជន៍ ក្នុងការការពារខឿនឯករាជ្យ បូរណអធិបតេយ្យជាតិ និងជាកម្លាំង ដ៏ស្មោះត្រង់ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ប្តេជ្ញាការពាររាជរដ្ឋាភិបាលដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។

ត្រូវមានទស្សនៈត្រឹមត្រូវ គោលជំហរ រឹងមាំ អង់អាចក្លាហាន មានវិន័យ គោរពច្បាប់ និងមានសាមគ្គីឯកភាពផ្ទៃក្នុងល្អ គោរពម៉ឺងម៉ាត់ឋានានុក្រមកងទ័ព។ ជាមួយ និងស្នាដៃ សមិទ្ធផល មោទនភាព សន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់ ដ៏ល្អនេះ យើងក៏ប្រឈម និងបញ្ហាដែលកើតឡើងថ្មីៗជាច្រើនដែលគម្បីត្រូវបន្តរួមគ្នាស្វែងយល់ និងមានការយល់ដឹងបានត្រឹមត្រូវ មានសកម្មភាពព្រមៗគ្នា។

នាយឧត្តមសេនីយ៍សៅ សុខា បានថ្លែងអំណរគុណ ចំពោះការរៀបចំបដិសណ្ឋារកិច្ចយ៉ាងរាក់ទាក់កក់ក្តៅ និងការតាមដានស្តាប់ ឯកភាពយល់ព្រម គាំទ្រ មតិសំណេះសំណាល ជាមួយនិងការប្តេជ្ញាចិត្តខ្ពស់ ក្នុងការលើកកម្ពស់ស្មារតីប្រុងប្រយ័ត្នទប់ស្កាត់ នូវរាល់ឧបាយកល បំផ្លិចបំផ្លាញសន្តិភាព សន្តិសុខ ពីមជ្ឈដ្ឋានប្រតិកិរិយាទាំងក្នុងនិងក្រៅប្រទេស។ សូមជូនពរ អស់លោក លោកស្រី អ្នកនាងកញ្ញា និងអង្គពិធីទាំងមូល។

ក្នុងឱកាសសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ សៅ សុខា បាននាំមកជាមួយនូវភេសជ្ជ ចំនួន៥០៤កេស និងថវិកា៦០លានរៀល នារីចំនួន១៣នាក់ ក្នុងម្នាក់ៗទទួលបាន៥០ម៉ឺនរៀលផងដែរ៕