(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ បានជួបជុំគ្នា ដើម្បីប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងជាប្រវត្តិសាស្ត្រ «ព្រែកជីកហ្វូណន-តេជោ» ដែលផ្តល់អត្ថប្រយោជន៍ធំធេងចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរទាំងមូល។

ការជួបជុំគ្នានេះ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដែលមានមន្ត្រីចូលរួមប្រមាណ៤០០នាក់។

លោក ឃួង ស្រេង បានចាត់ទុកថា គម្រោង «ព្រែកជីកហ្វូណន-តេជោ» មិនមែនជាទ្រព្យសម្បត្តិរបស់នរណាម្នាក់នោះទេ តែជាទ្រព្យរបស់ជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងទាំងអស់គ្នា។ «ព្រែកជីកហ្វូណនតេជោ» ជាទ្រសម្បត្តិ មហាសាលសំរាប់កម្ពុជា ហើយព្រែកជីកនេះក៏មិនប៉ះពាល់ដល់ផលប្រយោជន៍អ្នកដទៃដែរ។

លោកថា «មានព្រែកជីកហ្វូណនតេជោ ទំនិញរបស់យើង នឹងមានការប្រកួតប្រជែងជាអន្តរជាតិ។ ក្នុងនាមមន្ត្រីរាជការយើងគាំទ្រយ៉ាងពេញ ចំពោះគម្រោងព្រែកជីកហ្វូណនតេជោនេះ ដើម្បីឲ្យក្លាយជាចលនាឯកភាពជាតិ តែមួយ»

គួរបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណន-តេជោ ជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាកម្ពុជា ហើយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តស្នាដៃ និងជំរុញបន្ថែម ក្នុងការអភិវឌ្ឍន៍គម្រោង ព្រែកជីកហ្វូណន-តេជោ ឱ្យសម្រេចបាននាពេលអនាគត។

គម្រោងព្រែកជីកហ្វូណន-តេជោនេះ តភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប មានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណន-តេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាល ដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ហើយកាត់បន្ថយតម្លៃដឹកជញ្ជូន ពេលវេលា ខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជាការកាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញ ពីកម្ពុជា ទៅសមុទ្រ ការបង្កើត តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍន៍ផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍកសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រី ទឹកសាប នៅតាមព្រែក អចលនទ្រព្យ និងការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោងព្រែកជីកហ្វូណន-តេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា៕