(ភ្នំពេញ)៖ នារសៀល ថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរគណបក្សខណ្ឌ៧មករា មានការរៀបចំ «ពិធីសំណេះសំណាល ជាមួយសមាជិកគណបក្សនៅក្នុងសង្កាត់ទាំង៨ នៃខណ្ឌ៧មករា ដើម្បីពិភាក្សាការងារត្រៀម លក្ខណៈឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤»

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណបក្សរាជធានី និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌ៧មករា និងមានការចូលរួមជាគណៈអធិបតីពី សំណាក់លោក-លោកស្រីអនុប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌ, លោកប្រធាន-អនុប្រធានគណបក្សខណ្ឌ និងវត្តមានអញ្ជើញចូលរួមពីសំណាក់លោក-លោកស្រីប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ទាំង៨ ព្រមទាំងសមាជិក-សមាជិកាគណបក្សនៅតាមសង្កាត់ទាំង៨ នៃខណ្ឌ៧មករា សរុបចំនួន ១០០នាក់។

បន្ទាប់ពីការឡើងធ្វើសេចក្តីរាយការណ៍អំពីលទ្ធផលការងារ ដែលគណបក្សខណ្ឌ៧មករាសម្រេចបាននាពេលកន្លងមក ដោយ លោក សោម សុវណ្ណ ប្រធានគណបក្សខណ្ឌ, លោក នួន ផារ័ត្ន បានថ្លែងផ្តាំផ្ញើការសាកសួរសុខទុក្ខ ពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងបានជម្រាបជូនសមាជិកគណបក្សនៅក្នុងសង្កាត់ទាំង៨ជាអង្គបោះឆ្នោត អំពីកិច្ចការអាទិភាពសំខាន់ៗចំពោះមុខ ដើម្បីត្រៀមលក្ខណៈឱ្យបានគ្រប់ជ្រុងជ្រោយសម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ។

ជាមួយគ្នានេះ លោកក៏បានជម្រាបដល់គណបក្សខណ្ឌ អំពីកិច្ចការដែលត្រូវយកចិត្តទុកដាក់ទាំងក្នុងដំណាក់កាលបើកយុទ្ធនាការឃោសនា-អំឡុងពេលយុទ្ធនាការឃោសនា និងក្នុងពេលបិទយុទ្ធនាការឃោសនា ជាពិសេសកិច្ចការដែលត្រូវបំពេញក្នុងថ្ងៃបោះឆ្នោត និងរាប់សន្លឹកឆ្នោត។ បន្ថែមលើនេះ លោក នួន ផារ័ត្ន ក៏បានស្នើសុំឱ្យសមាជិកបក្សទាំងអស់ដែលជាអង្គបោះឆ្នោត បន្តគាំទ្រគណបក្ស និងបោះឆ្នោតជូន គណបក្សទាំងអស់គ្នាផងដែរ។

ជាចុងក្រោយ ក្រុមការងារគណបក្សចុះជួយខណ្ឌ និងគណបក្សខណ្ឌ៧មករា បានរួមគ្នាប្តេជ្ញាដណ្ដើមជ័យជម្នះនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ក្នុងពេលខាងមុខ ដើម្បីឱ្យគណបក្សបានបន្តសកម្មភាពបម្រើប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ តាមរយៈតំណាងរបស់ខ្លួននៅនឹងមូលដ្ឋានផ្ទាល់៕