(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យលោកស្រី ទួត បញ្ញា ឯកអគ្គរាជទូតកម្ពុជាប្រចាំចក្រភពអង់គ្លេស អៀរឡង់ ដាណឺម៉ាក ស៊ុយអែត ន័រវែស និងហ្វាំងឡង់ ចូលជួបសម្តែងការគួរសមដើម្បីជម្រាបលា និងទទួលអនុសាសន៍នៅមុនពេលលោកស្រី ត្រូវចេញទៅបំពេញបេសកកម្មការទូត។

សម្តេចរដ្ឋសភាធិបតី បានសម្តែងក្តីសោមនស្សរីករាយ និងមានមោទនភាពជាទីបំផុតដែលលោកស្រី ទួត បញ្ញា ទទួលបានសេចក្តីទុកចិត្តពីរាជរដ្ឋាភិបាលក្នុងការតែងតំាងជាឯកអគ្គរាជទូតកម្ពុជា ប្រចាំបណ្តាប្រទេសចំនួន៦នៅប៉ែកអឺរ៉ុប។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមត្ថភាព និងទេពកោសល្យរបស់លោកជំទាវដែលបានបំពេញបេសកកម្មក្នុងវិស័យការទូតនិងព័ត៌មានតំាងពីទសវត្សរ៍ឆ្នាំ៨០មក។

សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា ស្រ្តីមានលក្ខណៈសម្បត្តិសមស្របជាច្រើនពីធម្មជាតិ នៅក្នុងការបំពេញបេសកកម្មការទូត ដូចជាភាពទន់ភ្លន់ និងការបន់បែនតាមសភាពការណ៍ ជាដើម។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា នៅក្នុងពេលបច្ចុប្បន្នបេសកកម្មការទូតមិនមែនសំដៅលើការទូតនយោបាយតែមួយនោះទេ។ ការទូតបានកំពុងផ្តោតការយកចិត្តទុកដាក់លើច្រើនវិស័យផ្សេងទៀត មានដូចជាការទូតសេដ្ឋកិច្ច និងការទូតប្រជាជនជាដើម។ សម្តេចបានសង្កត់ធ្ងន់ថាការទូតប្រជាជនគឺជាកត្តាសំខាន់ដែលធ្វើឱ្យប្រជាជននិងប្រជាជនស្គាល់គ្នា យោគយល់គ្នា និងមានទំនាក់ទំនងជាមួយគ្នា ដែលឈានដល់ការភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍ជាដើម។

សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា ចាប់ពីពេលនេះតទៅលោកស្រី គឺជាឥស្សរជនជាន់ខ្ពស់តំណាងឱ្យព្រះរាជាណាចក្រកម្ពុជានៅបរទេស មានតួនាទីដ៏សំខាន់ ក្នុងការលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសទាំងនោះ ពិសេសការលើកតម្កើងកិត្យានុភាពជាតិ ឯករាជ្យ និងការការពារអធិបតេយ្យជាតិ។ ជាមួយគ្នានេះដែរ ក្នុងស្ថានភាពដែលពិភពលោក មានការប្រែប្រួលក្នុងបរិបទថ្មី នៃសណ្ដាប់ធ្នាប់ពិភពលោក មានការងារសំខាន់ៗជាច្រើនទៀតដែលត្រូវបំពេញ ដូចជាការងារនយោបាយការបរទេសជាដើម។ មួយវិញទៀត ក្នុងកាលៈទេសៈបច្ចុប្បន្ន ការស្តារសេដ្ឋកិច្ចសង្គម ឱ្យងើបឡើងវិញបានឆាប់រហ័ស ជាកត្តាមួយដ៏សំខាន់ និងចាំបាច់ ដើម្បីរួមចំណែកលើកស្ទួយសេដ្ឋកិច្ចជាតិ។

នៅក្នុងឱកាសនោះ សម្តេចរដ្ឋសភាធិបតី បានផ្តល់ជាអនុសាសន៍ មួយចំនួនដល់ លោកស្រី ឯកអគ្គរាជទូត ដោយត្រូវតម្កល់ប្រយោជន៍ជាតិជាធំ ទោះក្នុងកាលៈ ទេសៈណាក៏ដោយ ត្រូវរក្សា ការពារ និងលើកតម្លៃជាតិជានិច្ច ។ ត្រូវយកចិត្តទុកដាក់ ជួយសម្របសម្រួល និង ដោះស្រាយបញ្ហានានារបស់ពលរដ្ឋយើងឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា តាមរយៈការពង្រឹងទំនាក់ទំនង ឱ្យបានខ្ជាប់ខ្ជួនជាមួយបងប្អូនពលរដ្ឋខ្មែរ ជាដើម។

លោកស្រី ទួត បញ្ញា បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកស្រីបានចូលជួបជម្រាបលានិងទទួលបានអនុសាសន៍ល្អៗ នាឱកាសនេះ។ លោកស្រី បានបេ្តជ្ញាចិត្តថានឹងខិតខំបំពេញបេសកកម្មការទូត ជាពិសេសការអនុវត្តតាមអនុសាសន៍ល្អៗ របស់សម្តេចរដ្ឋសភាធិបតី ឱ្យទទួលបានជោគជ័យនៃបេសកកម្មការទូតនាំមកនូវផលប្រយោជន៍ជូនជាតិមាតុភូមិនិងប្រជាពលរដ្ឋ ស្របតាមការជឿទុកចិត្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕