(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអនុប្រធាន អនុគណៈកម្មការកាំជ្រូច កងកិត្តិយស តែទ័ព ការពារសន្តិសុខ និងសុវត្ថិភាព រៀបចំពិធីហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីហែព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស។

កិច្ចប្រជុំនេះ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាង ក្រសួង ស្ថាប័នមួយចំនួន នៅបន្ទប់ប្រជុំ ទីស្តីការក្រសួងការពារជាតិ។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានគូសបញ្ជាក់ថា កិច្ចប្រជុំនាឱកាសនេះ គឺធ្វើឡើងដើម្បីស្នើសុំឱ្យមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័នពាក់ទាំងអស់ ពិនិត្យលទ្ធភាពដើម្បីធ្វើយ៉ាងណាឱ្យពិធីហែព្រះសព សម្តេចព្រះអគ្គមហាសង្ឃរាជធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើឡើងនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឱ្យប្រព្រឹត្តទៅដោយរលូនស្របតាមប្រពៃណីព្រះពុទ្ធសាសនា និងតាមរាជប្បវេណី។

អនុប្រធាន អនុគណៈកម្មការកាំជ្រូច កងកិត្តិយស តែទ័ព ការពារសន្តិសុខ និងសុវត្ថិភាព រៀបចំពិធីហែរ ព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា មានភារកិច្ចដូចខាងក្រោម៖

*រៀបចំកម្លាំងសម្រាប់ការពារសុវត្ថិភាពជុំវិញបរិវេណវត្ត តាមដងផ្លូវពេលដង្ហែសព និងទីតាំងប្រារព្ធពិធីតម្កល់ព្រះសព បូជាព្រះសព។
*រៀបចំកម្លាំងសម្រាប់ត្រួតពិនិត្យសមាសភាពភ្ញៀវ និងភ្ញៀវអញ្ជើញចូលរួមក្នុងកម្មវិធីបុណ្យព្រះសព
*រៀបចំកម្លាំងឆែកឆេរកូរ៉ោន កន្ត្រកផ្កា និងសម្ភារៈផ្សេងៗទៀត ដែលនាំចូលក្នុងបរិវេណវត្ត
*រៀបចំកម្លាំងដើម្បីសម្រួលចរាចរាណ៍ និងការចតយានយន្តភ្ញៀវ
*រៀបចំឱ្យមានសេវាសង្គ្រោះបន្ទាន់ និងក្រុមគ្រូពេទ្យប្រចាំការនៅបរិវេណវត្ត
*ត្រៀមកងកិត្តិយស
*ត្រៀមកម្លាំងសម្រាប់ធ្វើការឆ្លើយតបទៅនឹងចំណូមពរផ្សេងៗដែលអនុគណៈកម្មការនានាស្នើឡើង
*អនុវត្តភារកិច្ចផ្សេងៗទៀតតាមការប្រគល់ពីប្រធានគណៈកម្ម៕

គួរឱ្យដឹងថា ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណា ចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធីថ្វាយ ព្រះភ្លើងព្រះបរមសព ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីព្រឹក។

ព្រះរាជពិធីហែ និងថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិតទេព វង្ស នឹងប្រព្រឹត្តិទៅនៅថ្ងៃចន្ទ ១២រោង ខែពិសាខ
ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង៦:០០នាទីព្រឹក ចេញពីវត្តឧណ្ណាលោម ឆ្ពោះទៅព្រះមេរុ មុខវត្តបទុមវតីរាជវរារាម ចម្ងាយផ្លូវ ៥គីឡូ និង៣០០ម៉ែត្រ ប្រើរយៈពេល២ម៉ោង៕