(ភ្នំពេញ)៖ អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការផ្ទេរសមត្ថកិច្ចសំណុំរឿងពាក់ព័ន្ធនឹងឈ្មោះ ស៊ុន ចន្ធី ឈ្មោះ អ៉ី សារៀម និងឈ្មោះ ត្រឹក ញឿន ពីខេត្តកំពង់ធំ ទៅកាន់សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ។

អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានទទួលពាក្យបណ្តឹងរបស់ឈ្មោះ ពត ធារ៉ា, ឈ្មោះ សៀង ស៊ីណន, ឈ្មោះ ឃឹម ឈន, ឈ្មោះ ស៊ន ស៊ុនហេង, ឈ្មោះ នេត សៅ, ឈ្មោះ អៀវ វ៉ាន់ហៀង, ឈ្មោះ អ៊ុត ចាន់លី និងឈ្មោះ កែវ យីន ដែលបានប្តឹងប្រឆាំងនឹងឈ្មោះ ស៊ុន ចន្ធី ព្រមទាំងបក្ខពួកដែលមានឈ្មោះ អ៉ី សារៀម និងឈ្មោះ ត្រឹក ញឿន ដោយបានលើកឡើងថា ឈ្មោះ ស៊ុន ចន្ធី ដែលមានតួនាទីជាអតីតប្រធានប្រត្តិបត្តិគណបក្ស ភ្លើងទៀនខេត្តកំពង់ធំ បានប្រកាសប្រមូលថវិកាពីសមាជិកចំនួន ១៩នាក់ ដោយតម្រូវឲ្យក្នុងម្នាក់ៗបង់ប្រាក់ចំនួន ១៦០០០០០៛ (មួយលានប្រាំមួយសែនរៀល) ដើម្បីធ្វើការឃោសនាបោះឆ្នោតគណបក្សភ្លើងទៀនក្នុងឆ្នាំ២០២៣ ។ ក្រោយពីបានធ្វើការប្រមូលថវិកាពីសមាជិកទាំងអស់បានចំនួន ២៨៤០០០០០ (ម្ភៃប្រាំបីលានបួនសែនរៀល) រួចរាល់ ហើយឈ្មោះ ស៊ុន ចន្ធី បានធ្វើការសន្យាថា បើគណបក្សភ្លើងទៀន មិនបានធ្វើការឃោសនាបោះឆ្នោតទេនោះ ឈ្មោះ ស៊ុន ចន្ធី នឹងប្រគល់ប្រាក់ដែលបានបង់នោះ ឲ្យទៅសមាជិកវិញទាំងអស់ ។ ក្រោយមកទៀត ឈ្មោះ ស៊ុន ចន្ធី បានលា ឈប់ពីគណបក្សភ្លើងទៀន ហើយបានយកថវិកាទាំងនោះ ទៅបង្កើតគណបក្សផ្សេងមួយទៀត ដោយមិនបានប្រគល់ ថវិកាទាំងនោះ ទៅឲ្យសមាជិកដែលបានបង់ប្រាក់វិញនោះទេ ។

ក្រោយពីដំណើរការស៊ើបអង្កេតយ៉ាងល្អិតល្អន់ តំណាងអយ្យការបានធ្វើការបើកការស៊ើបសួរ និងស្នើឲ្យដាក់ស្ថិត នៅក្រោមការពិនិត្យទៅលើឈ្មោះ ស៊ុន ចន្ធី, ឈ្មោះ អ៉ី សារៀម, និងឈ្មោះ ត្រឹក ញឿន ពីបទឆបោក តាមមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌឆ្នាំ២០០៩ ។ ប៉ុន្តែកាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ឈ្មោះ ស៊ុន ចន្ធី ត្រូវបានសមត្ថកិច្ចធ្វើការចាប់ខ្លួន និងឃាត់ខ្លួននៅ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបទល្មើសមួយផ្សេងទៀត។

អ្នកនាំពាក្យរបស់អយ្យការអមសាលាដំបូងខេត្តកំពង់ធំ បានបញ្ជាក់ទៀតថា ដើម្បីធានាដល់ប្រយោជន៍សាធារណៈ សុវត្ថិភាព សន្តិសុខ សង្គម និងដំណើរការល្អ ក៏ដូចជាភាពឆាប់រហ័សនៃយុត្តិធម៌តុលាការ តំណាងអយ្យការបានធ្វើការស្នើសុំការអនុញ្ញាត ដើម្បីផ្ទេរសំណុំរឿងព្រហ្មទណ្ឌលេខ ១៧៣ ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ របស់អយ្យការអមសាលាដំបូងខេត្ត កំពង់ធំ ទៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញវិញ តាមរយៈ លិខិតលេខ ១០៩៧ កយ.រប/២៤ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ របស់ក្រសួងយុត្តិធម៌។

នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ធំ ក៏បានបញ្ជូនសំណុំរឿង ខាងលើ មកដល់ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការជាសមត្ថកិច្ចរួចរាល់ផងដែរ៕