(ហ្សាការតា)៖ នៅព្រឹកថ្ងៃចន្ទ ទី ១៣ ខែឧសភា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោក បណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន និងលោកស្រី Tiffany McDonald ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំអាស៊ាន បានអញ្ជើញបើកជាផ្លូវការនូវការតាំងពិព័រណ៌រូបថតអាស៊ាន-អូស្ត្រាលី ក្នុងឱកាសខួបអនុស្សាវរីយ៍ ៥០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី។

នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ថា តាមរយៈការតាំងពិព័រណ៌រូបថតប្រកបដោយអត្ថន័យនេះ អាស៊ាន និងអូស្ត្រាលីពិតជាអាចឆ្លុះបញ្ចាំងពីសមិទ្ធផលនាពេលកន្លងទៅ ដែលរួមមានកិច្ចសហប្រតិបត្តិការដែលមានប្រយោជន៍ទៅវិញទៅមក ក្នុងវិស័យជាច្រើន នៅក្រោមក្របខណ្ឌនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-អូស្ត្រាលី។

នៅរសៀលថ្ងៃដដែល លោកស្រីបណ្ឌិត Ton Thi Ngoc Huong ឯកអគ្គរដ្ឋទូត និងជាតំណាងអចិន្ត្រៃយ៍នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំអាស៊ាន បានជូនសារតាំងដល់ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។

នៅក្នុងជំនួបសំដែងការគួរសម ក្រោយពីពិធីជូនសារតាំង លោកអគ្គលេខាធិការអាស៊ាន បានអបអរសាទរលោកស្រីបណ្ឌិត Ton Thi Ngoc Huong សម្រាប់តួនាទីថ្មី និងបានបង្ហាញពីទំនុកចិត្តចំពោះសមត្ថភាពរបស់គាត់ ក្នុងការចូលរួមចំណែកយ៉ាងធំធេងដល់ការកសាងសហគមន៍ និងកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មរបស់អាស៊ាន។ លោកទទួលស្គាល់ថា បទពិសោធន៍ដ៏សម្បូរបែបរបស់លោកជំទាវ នៅក្នុងអាស៊ាន ពិតជាមានតម្លៃចំពោះកិច្ចការ និងសមត្ថកិច្ចរបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន (CPR)។

អគ្គលេខាធិការអាស៊ាន បានកោតសរសើរវៀតណាម សម្រាប់តួនាទីប្រកបដោយប្រសិទ្ធភាពក្នុងនាមជាប្រទេសសម្របសម្រួលសម្រាប់ទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សាធារណរដ្ឋកូរ៉េ និងបានជូនពរឱ្យវៀតណាមទទួលបានជោគជ័យសម្រាប់តួនាទីជាប្រទេសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ចក្រភពអង់គ្លេស ដែលនឹងចាប់ផ្តើមនៅខែសីហា ឆ្នាំ២០២៤ ខាងមុខ។

លោកបណ្ឌិត កៅ គឹមហួន ក៏បានកោតសរសើរវៀតណាម សម្រាប់គំនិតផ្តួចផ្តើមរៀបចំវេទិកាអនាគតអាស៊ាន កាលពីថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០២៤ ដែលលោកបានចូលរួមផ្តល់សន្ទរកថា រួមជាមួយឥស្សរជនអាស៊ានសំខាន់ៗផ្សេងទៀត។ វេទិកាអនាគតអាស៊ាននេះ ត្រូវបានប្រព្រឹត្តទៅចំពេលវេលា ក្នុងគោលបំណងផ្តល់នូវទស្សនៈផ្សេងៗ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងលើសពីឆ្នាំ២០៤៥។

លោកស្រីបណ្ឌិត Ton Thi Ngoc Huong គីជាតំណាងអចិន្ត្រៃយ៍ទី ៥ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំអាស៊ាន ចាប់តាំងពី CPR ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩។ គាត់ធ្លាប់កាន់តំណែងអគ្គនាយកនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលសេវាបរទេស នៅវៀតណាម ហើយដើរតួនាទីសំខាន់នៅក្នុងគំនិតផ្តួចផ្តើមយុទ្ធសាស្ត្រនានារបស់អាស៊ាន ជាច្រើនឆ្នាំមកហើយ។

អគ្គលេខាធិការអាស៊ាន បានបញ្ជាក់សាជាថ្មីនូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការគាំទ្រលោកស្រី Ton Thi Ngoc Huong និងស្ថានបេសកកម្មអចិន្ត្រៃយ៍របស់វៀតណាមប្រចាំអាស៊ាន ដោយផ្តោតលើការបន្តសហការ និងកិច្ចសហប្រតិបត្តិការរវាង CPR និងលេខាធិការដ្ឋានអាស៊ាន ដើម្បីសម្រេចបានគោលបំណង និងគោលដៅរបស់អាស៊ានសម្រាប់ឆ្នាំ២០២៥ និងលើសពីឆ្នាំ២០២៥។

បន្ទាប់មក អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារពេលល្ងាច រៀបចំដោយ លោក Mario Ignacio Artaza ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋស៊ីលី ប្រចាំអាស៊ាន ដោយមានការចូលរួមពីសំណាក់បណ្តាទូត នៃប្រទេសអាមេរិកឡាទីនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ក៏មានការពិភាក្សាផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងបណ្តាប្រទេសនៅអាមេរិកឡាទីនផងដែរ៕