(ភ្នំពេញ)៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះឲ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយក្រុមការងារមជ្ឈមណ្ឌលធនធាននៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទ ស្ដីពី «អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នាសាលយុត្តិតេជោ (អតីតសាលសវនាការនៃសាលាក្តីខ្មែរក្រហម)។
កិច្ចសហការភាពជាដៃគូរវាងប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ និងមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. មានសារៈសំខាន់ណាស់ ហើយស្របទៅនឹងគោលបំណងរបស់ក្រសួងព័ត៌មាន និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្សព្វផ្សាយ ជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសកម្ពុជា និងនៅលើសកលលោកឱ្យបានដឹង និងយល់អំពីសមិទ្ធផលសម្រេចបាន ជាប្រវត្តិសាស្ត្រ ក្នុងដំណើរការនៃសាលាក្តីខ្មែរក្រហម អស់រយៈពេល ១៦ឆ្នាំកន្លងមកនេះ ព្រមទាំងភារកិច្ច និងសកម្មភាពការងារសំខាន់ៗ ដែល អ.វ.ត.ក. បាន និងកំពុងបន្តអនុវត្តក្រោយដំណើរការ នៃសវនាការសាលាក្តី។ នេះជាប្រសាសន៍របស់ លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ក្នុងឱកាសលោកបានដឹកនាំក្រុមការងារផ្សព្វផ្សាយនៃក្រសួងព័ត៌មាន ចូលរួមក្នុងកិច្ចប្រជុំមួយ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលធនធាន អ.វ.ត.ក. នៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ដឹកនាំដោយលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. និងដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ និងអ្នកជំនាញនៃមជ្ឈមណ្ឌលធនធាននៃ អ.វ.ត.ក. ជាច្រើនរូប ព្រមទាំងតំណាងប្រព័ន្ធផ្សព្វផ្សាយរដ្ឋ នៃក្រសួងព័ត៌មានមកពី៖ អគ្គនាយកដ្ឋានទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP), អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា (TVK), អគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា(RNK), និង APPរបស់ក្រសួងព័ត៌មានផងដែរ។
ក្នុងកិច្ចប្រជុំនោះ លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានបានលើកឡើងផងដែរ អំពីសារៈសំខាន់ក្នុងការផ្តល់ព័ត៌មាន និងចំណេះដឹងក្នុងចំណោមយុវជនទាំងអស់ ឲ្យបានដឹងអំពីយុត្តិធម៌ ដែលតុលាការកូនកាត់មួយនេះសម្រេចបាន ជូនដល់ជនរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ក៏ដូចជាសម្រាប់ប្រជាជាតិទាំងមូល ជាពិសេសដើម្បីឱ្យបានយល់អំពីប្រវត្តិសាស្រ្ត ដែលប្រទេសកម្ពុជាបានធ្លាក់ចូលទៅក្នុងរបបវាលពិឃាត ដែលក្រុមខ្មែរក្រហមបានប្រព្រឹត្តអំពើដ៏សាហាវព្រៃផ្សៃ និងការសម្លាប់យ៉ាងរង្គាលលើប្រជាជនកម្ពុជា ស្លូតត្រង់អស់ជាង៣លាននាក់ និងបានធ្វើឱ្យប្រជាជនកម្ពុជាទទួលរងនូវទុក្ខវេទនារកទីបំផុតគ្មាន។
លោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទីនៃ អ.វ.ត.ក. បានមានប្រសាសន៍ជម្រាបជូនកិច្ចប្រជុំថា «មជ្ឈមណ្ឌលធនធាន អ.វ.ត.ក. ត្រូវបានបង្កើតឡើង និងបានដំណើរយ៉ាងល្អ ជាពិសេសក្នុងដំណាក់ក្រោយដំណើរសវនាការ សាលាក្តីបានបញ្ចប់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្សព្វផ្សាយ និងអប់រំពាក់ព័ន្ធនឹងសមិទ្ធផលនៃដំណើរការជំនុំជម្រះក្តី និងការងារគ្រប់គ្រងបណ្ណសារ ឱ្យបានទូលំទូលាយដល់សាធារណជន និងតាមដានការអនុវត្តការងារនានា ក្នុងក្របខណ្ឌបណ្តឹងរដ្ឋប្បវេណី និងការផ្តល់យុត្តិធម៌សម្រាប់ជនរងគ្រោះនៃរបបខ្មែរក្រហម»។
លោកបានមានប្រសាសន៍បន្ថែមទៀតថា «អ្វីដែលអង្គជំនុំជម្រះក្តីនៃសាលាក្តីកូនកាត់សម្រេចបាន មានលក្ខណៈជាប្រវត្តិសាស្ត្រ សម្រាប់ប្រជាជនកម្ពុជា និងសម្រាប់មនុស្សលោក ដោយមានភាគីជាតិកម្ពុជា និងភាគីអង្គការសហប្រជាជាតិ ព្រមទាំងសហគមន៍អន្តរជាតិ បានផ្ដល់ការគាំទ្រដល់ដំណើរការនៃតុលាការទាំងមូល និងការកាត់សេចក្ដីប្រកបដោយភាពរលូន ទាន់ពេលវេលា និងទទួលបានជោគជ័យ ដែលជាការរួមចំណែកដល់ការថែរក្សាសុខសន្តិភាព ការបង្រួបបង្រួមជាតិ ព្រមទាំងចូលរួមលើកកម្ពស់ស្មារតី៧មករា ១៩៧៩ ថែមទៀត»។
លោក ទេព អស្នារិទ្ធ បានគូសបញ្ជាក់ថា «ក្រសួងព័ត៌មាន ក្រោមការដឹកនាំដ៏ឆ្លាសវៃ និងប្រកបដោយយុទ្ធសាស្ត្ររបស់ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានកំណត់ចក្ខុវិស័យដើម្បីដើរតួនាទីលើកិច្ចការសាធារណៈ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយពង្រឹងប្រសិទ្ធភាពនិងគុណភាពផ្សព្វផ្សាយព័ត៌មានពិត និងចំណេះដឹងសម្បូរបែបលើគ្រប់វិស័យ ជូនដល់សាធារណជនទាំងក្នុង និងក្រៅប្រទេសកម្ពុជា ហើយការផ្សព្វផ្សាយឱ្យប្រជាជនកម្ពុជា និងពិភពលោកបានដឹងអំពីភាពជោគជ័យ របស់សាលាក្ដីខ្មែរក្រហម ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ និងអំពីការផ្តល់យុត្តិធម៌ជូនជនរងគ្រោះដោយរបបខ្មែរក្រហម មានតម្លៃខ្ពស់រួមចំណែកលើកកម្ពស់សមិទ្ធផល របស់សាលាក្តីកម្ពុជាជាតុលាការគំរូមួយ ដល់ប្រទេសនានាក្នុងតំបន់ និងលើសកលលោកសិក្សា ដែលអាចជាបច្ច័យដល់ការរៀបចំតុលាការវិនិច្ឆ័យលើអំពើប្រល័យពូសាសន៍ ឬឧក្រិដ្ឋកម្មធ្ងន់ធ្ងរនាពេលអនាគត»។
លោកអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌បានបន្តទៀតថា «ការផ្សព្វផ្សាយអំពីសមិទ្ធផលរបស់សាលាក្តីនេះ ក៏ជាការចូលរួមក្នុងការបណ្តុះមនសិកា របស់យុវជនជំនាន់ក្រោយឱ្យស្រលាញ់ ថែរក្សា និងការពារសន្តិភាព និងលើកកម្ពស់ស្មារតីមោទនភាពជាតិ ដោយក្រោយសង្គ្រាមដ៏រាំរៃកម្ពុជា បច្ចុប្បន្នមានសន្តិភាពពេញលេញ ជាគំរូសម្រាប់ជាតិសាសន៍ដទៃទៀតនៅលើពិភពលោក»។
ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរ ក៏បានពិភាក្សាគ្នាផងដែរ លើលទ្ធភាពក្នុងការរៀបចំនាពេលខាងមុខឱ្យមានអនុស្សរណៈយោគយល់គ្នា លើកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយសមិទ្ធផលការងារ និងសកម្មភាពរបស់ អ.វ.ត.ក. ក្រោយដំណើរការសវនាការតុលាការបានបញ្ចប់ ខណៈ អ.វ.ត.ក. បានបើកទ្វារជាសាធារណៈ ដើម្បីផ្តល់ព័ត៌មានដល់សាធារណជន ជាពិសេសយុវជនឱ្យទទួលបាននូវចំណេះដឹង តាមរយៈការសិក្សាស្រាវជ្រាវ និងស្វែងយល់អំពីកិច្ចខិតខំប្រឹងប្រែងក្នុងក្របខណ្ឌ ស្វែងរកយុត្តិធម៌ជូនជនរងគ្រោះនៃរបបកម្ពុជាប្រជាធិបតេយ្យ។
មជ្ឈមណ្ឌលធនធាននេះមានផ្នែកសំខាន់ៗ ចំនួន ៦ គឺ៖ បណ្ណាល័យនិងកន្លែងស្រាវជ្រាវ, គេហទំព័រថ្មី, និហិតដ្ឋានបណ្ណសារដែលមានឯកសារចំនួន ២.៤លានទំព័រ, បន្ទប់ប្រើប្រាស់ពហុបំណងសម្រាប់រៀបចំសិក្ខាសាលា និងតុលាការនិម្មិត, បន្ទប់ពិគ្រោះយោបល់និងតាំងពិព័រណ៍, និងឧទ្យានសម្រាប់ការចងចាំ៕