(សេអ៊ូល-កូរ៉េ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្លែងថា រាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា ឱ្យដល់ទីបញ្ចប់ និងមិនទុកចោលបញ្ហារបស់ប្រជាពលរដ្ឋ ដោយមិនរកវិធានការដោះស្រាយឱ្យអស់លទ្ធភាពនោះឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបញ្ជាក់ថា គម្រោងរបស់អតីតឧកញ៉ា ឡេង ចាន់ណា គឺជាគម្រោងមានលក្ខណៈជាប្រព័ន្ធឆបោក តាមរូបមន្ត Ponzi Scheme មិនមែនជាគម្រោងវិនិយោគលើអចលនទ្រព្យធម្មតាៗនោះឡើយ។

ការថ្លែងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយបងប្អូនសហគមន៍ខ្មែរ រស់នៅសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ករណីឆបោករបស់អតីតឧកញ៉ា ឡេង ចាន់ណា សម្តេចបានចាត់វិធានការតាំងពីពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤ បន្ទាប់ពីទទួលបានព័ត៌មាន ដោយសម្តេចបានប្រគល់ភារកិច្ចដល់លោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចាប់ផ្តើមសិក្សាករណីនេះ និងរកវិធីសម្របសម្រួលដោះស្រាយ ដូចទៅនឹងករណីគ្រោងអចលនទ្រព្យផ្សេងទៀត។

សម្តេចបន្តថា បន្ទាប់ពីការសិក្សាស្រាវជ្រាវ និងព្យាយាមសម្របសម្រួល ក្រោយផ្ទុះការប្រតិកម្មទើបដឹងច្បាស់ថា គម្រោងវិនិយោគរបស់ ឡេង ចាន់ណា ជាគម្រោងបោកប្រាស់ ហេតុនេះហើយទើបសម្តេចបញ្ជាឱ្យសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅតុលាការ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សំណុំរឿងឆបោករបស់ ឡេង ចាន់ណា រាជរដ្ឋាភិបាលមិនបញ្ចប់ទេ ហើយបន្តចាត់វិធានការជាប់រហូត ដោយរាជរដ្ឋាភិបាល នៅតែបន្តតាមវែកមុខជនឆបោកក្នុងគម្រោងរបស់ ឡេង ចាន់ណា។

សម្តេចបានថ្លែងយ៉ាងដូច្នេះថា «តាមសំណូមពររបស់ប្រជាពលរដ្ឋ ខ្ញុំបានប្រគល់ភារកិច្ចឱ្យមេធាវីរាជរដ្ឋាភិបាល ដើម្បីជួយធ្វើជាតំណាងឱ្យបងប្អូនជនរងគ្រោះរបស់យើង។ យើងមិនអាចលូកដៃរឿងតុលាការ ប៉ុន្តែយើងផ្តល់មេធាវីដើម្បីជួយដល់បងប្អូន យើងអត់នៅស្ងៀមទេ តាមតទៅទៀត។ ពេលដែលរដ្ឋាភិបាលប្រគល់មេធាវីឱ្យធ្វើហើយបានន័យថា តាមរឿងនេះពីដើមដល់ចប់ នេះគឺជាការបញ្ជាក់នៅការប្តេជ្ញាចិត្ត បើទោះបីរឿងនេះរដ្ឋាភិបាលពីដើមទីមិនបាន ចូលដៃក្នុងការងារនេះ ប៉ុន្តែជាការទទួលខុសត្រូវ និងស្រាវជ្រាវពង្រីកមុខសញ្ញាថែមទៀត តើនរណាពាក់ព័ន្ធទៀត?»។

សម្តេចបញ្ជាក់ទៀតថា គោលដៅធំរបស់រាជរដ្ឋាភិបាល មិនត្រឹមតែឃាត់ខ្លួនមុខសញ្ញាដែលពាក់ព័ន្ធករណីឆបោកនេះ បញ្ជូនទៅតុលាការទេ អ្វីដែលសំខាន់នោះ ការប្រមូលប្រភពមូលធនពីជនឆបោកទាំងនោះមកដោះស្រាយជូនបងប្អូនប្រជាពលរដ្ឋ ដែលជាជនរងគ្រោះ តាមលទ្ធភាពដែលអាចធ្វើទៅបាន។

សូមជម្រាបថា អតីតឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកជាច្រើននាក់ ត្រូវបានសត្ថកិច្ចឃាត់ខ្លួន បន្តបន្ទាប់បញ្ជូនទៅតុលាការ ហើយតុលាការសម្រេចឃុំខ្លួនផងដែរ ក្រោយពីពួកគេរួមគំនិតគ្នាឆបោកលុយ ប្រជាពលរដ្ឋរាប់លានដុល្លារ៕