(សៀមរាប)៖ វិស័យឯកជនចំនួន៣ មានមនុស្សប្រមាណជា ១៧០នាក់ បានបើកយុទ្ធនាការសម្អាតបរិស្ថាន នៅតាមដងផ្លូវមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីលើកកម្ពស់សោភ័ណភាពឲ្យកាន់ស្រស់ស្អាត និងតែទាក់ទាញទេសចរឲ្យមកទស្សនាខេត្តសៀមរាបកាន់ច្រើនថែមទៀត។

លើកឡើងនៅក្នុងយុទ្ធនាការសម្អាតបរិស្ថាន ដែលបានធ្វើឡើងកាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ លោក ប៉ាត បូរី ដែលចូលរួមយុទ្ធនាការសម្អាតបរិស្ថាននេះ បានលើកឡើងថា ការចូលរួមសម្អាតបរិស្ថាននេះ ដោយសារលោកគឺចង់ឲ្យបរិស្ថានស្អាត ខេត្តសៀមរាបស្អាត និង​ពិភពលោកស្អាត។ លោកបន្តថា នៅរៀងរាល់ថ្ងៃសៅរ៍ លោកបានដឹកនាំក្រុមការងារចុះសម្អាតបរិស្ថាននៅតាមផ្លូវមួយចំនួន ដែលនៅជិតនឹងកន្លែងធ្វើការ របស់ក៏ដូចជានៅក្នុងភូមិដែលលោករស់នៅផងដែរ។ ការចុះសម្អាតនេះធ្វើឡើងនៅម៉ោង៧ រហូតដល់ម៉ោង៩ មានរយៈពេល ២ឆ្នាំមកហើយ។

លោក ប៉ាត បូរី បានបន្តថា ការដែលលោកដឹកនាំក្រុមការងារចុះសម្អាតបរិស្ថាននេះ ដោយសារតែការស្រលាញ់បរិស្ថានផង ហើយមួយវិញទៀត ខេត្តសៀមរាប ក៏ជាខេត្តសំបូរទៅដោយទេសចរណ៍មកកម្សាន្តច្រើនផងដែរ។ 

ដោយឡែក លោក ហាប់ ហោន ដែលបានចូលរួមយុទ្ធនាការនេះ បានលើកឡើងថា ក្នុងគោលបំណងបណ្តុះផ្នត់គំនិតឲ្យចូលរួមសម្អាតបរិស្ថាន នៅតាមបរិវេណផ្ទះ កន្លែងធ្វើការ តាមផ្លូវ និងតាមភូមិ ឃុំ ដែលយើងរស់នៅឲ្យបានស្អាត ដើម្បីលើកមុខមាត់ខេត្ត ក៏ដូចជាប្រទេសកម្ពុជា លើឆាកអន្តរជាតិផងដែរ។ លោកបន្តថា ប្រសិនបើយើងចូលរួមសម្អាតបរិស្ថានទាំងអស់គ្នា នៅតាមបរិវេណផ្ទះ កន្លែងធ្វើការ និងតាមផ្លូវសោភ័ណភាពខេត្តសៀមរាប ដែលជាខេត្តទេសចររបស់កម្ពុជា កាន់តែមានភាពស្រស់ស្អាត និងទាក់ទាញភ្ញៀវទេសចរមកកាន់តែច្រើនផងដែរ។

ទន្ទឹមនឹងនេះដែរ លោក ហ៊ួក សំបាត់ បានលើកឡើងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្សាន្តមិនចេះដាច់នោះ យើងត្រូវរួមគ្នាថែរក្សាអនាម័យបរិស្ថាន ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សាសហគមន៍មួយនេះឱ្យស្រស់ស្អាត គ្មានការបំពុលបរិស្ថាន នោះជីវភាពរបស់យើងនឹងកាន់តែល្អប្រសើផងដែរ។

ជាមួយនេះដែរលោកក៏បានស្នើរដល់វិស័យឯកជនផ្សេងៗទៀត សូមចូលរួមធ្វើអនាម័យបរិស្ថាន និងដាំដើមឈើឲ្យបានច្រើន ដើម្បីបង្កើននូវភាពស្រស់ស្អាត និងទាក់ទាញទេសចរមកកាន់តែច្រើន ដើម្បីលើកស្ទួយសេដ្ឋកិច្ចគ្រួសារ ក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិផងដែរ៕