(កំពង់ចាម)៖ អភិបាលខេត្តំពង់ចាម លោក អ៊ុន ចាន់ដា បានមានណែនាំឲ្យមន្រ្តីក្រោមឱវាទ ត្រូវគ្រប់គ្រងចំណូលដោយការប្រុងប្រយ័ត្នខ្ពស់ បើពុំដូច្នោះទេ គឺដូចជាមនុស្សកញ្ចេីធ្លុះអីចឹងដែរ។

លោកអភិបាលខេត្តថ្លែងបែបនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យអំពីស្ថានភាពប្រមូលចំណូលរបស់មន្ទីរ-អង្គភាពជំនាញ នៅសាលាខេត្តកំពង់ចាម នារសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ។

លោក អ៊ុន ចាន់ដា បានស្នេីដល់មន្ទីរ-អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ត្រូវខិតខំកៀរគររកប្រាក់ចំណូលឱ្យអស់លិទ្ធភាព ដោយមេីលឱ្យបានវែងឆ្ងាយ ចំពោះប្រភពចំណូល ដែលយើងគិតថា អាចរកបានបន្ថែមទៀត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ពោលគឺត្រូវប្រមូលថវិកានៃការសុំច្បាប់បេីកអាជីវកម្ម ឬការបម្រើសេវាសាធារណៈតាមច្បាប់កំណត់ ។

លោកអភិបាលខេត្ត បានជំរុញមន្ត្រីពាក់ព័ន្ធ ត្រូវរាយការណ៍មកគណៈអភិបាលខេត្ត ជារៀងរាល់ខែ ចំពោះរបាយការណ៍បូកសរុបនូវប្រភពចំណូលផ្សេងៗ ដែលមានលោក លី សារ៉ារិទ្ធ ដឹកនាំធ្វើការជាមួយទីចាត់ការហិរញ្ញវត្ថុ ដេីម្បីស្វែងរកវិធីធ្វើការងារដោះស្រាយ នៅពេលមានបញ្ហាអ្វីមួយកេីនឡេីង ។

ជាមួយគ្នានោះ លោក អ៊ុន ចាន់ដា ក៏បានជំរុញឱ្យទីចាត់ការផែនការ និងវិនិយោគ ត្រូវជំរុញការអនុវត្តគម្រោងឱ្យបានលឿន បន្ទាប់ពីសិក្សារួចរាល់ហើយនោះ ពោលគឺចំពោះគម្រោងដែលបានគ្រោងហើយនោះ ត្រូវដាក់ធ្វើការដេញថ្លៃហើយអនុវត្តតែម្ដង ជៀសវាងមិនធ្វើអ្វីសោះចេះតែពន្យាពេល៕