(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីសុខាភិបាល បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីក្រោមឱវាទ ដើម្បីបន្តអនុវត្តសកម្មភាពបម្រើការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ ប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ជាពិសេសណែនាំឱ្យពិនិត្យបានច្បាស់លាស់ ជាប់ជាប្រចាំលើវិស័យឯកជន ដោយត្រូវចុះពិនិត្យឱ្យបានម៉ត់ចត់ទាំងការផ្តល់សេវាថែទាំ ការលក់ឱសថ និងការចេញវេជ្ជបញ្ជា ព្រមទាំងការបញ្ជូនជំងឺ កម្រិតសញ្ញាបត្រ លក្ខខណ្ឌនៃការបំពេញការងារ និងពិនិត្យការផ្តល់អាជ្ញាប័ណ្ណ និងបន្តសុពលភាពអាជ្ញាប័ណ្ណ ដោយត្រូវអនុវត្តស្របតាមច្បាប់ដែលបានកំណត់។

ការថ្លែងបែបនេះរបស់លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី២ នៃខែឧសភា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នាទីស្ដីការក្រសួងសុខាភិបាល។

លោករដ្ឋមន្ដ្រីសុខាភិបាល បានថ្លែងបន្ដថា ចំពោះការចុះពង្រឹងតាមមណ្ឌលសុខភាពក្នុងក្របខណ្ឌទូទាំងប្រទេស សូមចុះពិនិត្យឱ្យបានទៀងទាត់ និងគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈ ដោយត្រូវពិនិត្យ តាមដាន និងផ្ទៀងផ្ទាត់លទ្ធផលនៃការចុះពិនិត្យពីមុន និងបច្ចុប្បន្ន។

លើសពីនោះលោកសាស្ត្រាចារ្យ ឈាង រ៉ា បានរំលឹកដល់ថ្នាក់ដឹកនាំ និងទីប្រឹក្សាទាំងអស់ ឱ្យបន្តជំរុញមន្ត្រីក្រោមឱវាទ រួមទាំងគ្រប់កម្រិត ដឹកនាំលើកជាយោបល់ និងផ្តល់ព័ត៌មានត្រលប់ឱ្យបានផុលផុស ដើម្បីជាធាតុចូលសម្រាប់កិច្ចការកែលម្អរ និងវឌ្ឍនភាពក្នុងភារកិច្ចរបស់ខ្លួន រួមទាំងការវិភាគមុខងារ សម្រាប់ជាទស្សនវិស័យជូនស្ថាប័ន បង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត។

ទន្ទឹមនឹងនោះលោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានជំរុញលើកទឹកចិត្តបន្ថែមដល់ថ្នាក់ដឹកនាំ ជាពិសេសមន្រ្តីជំនាញ សូមធ្វើការស្រាវជ្រាវ ស្វែងយល់ឱ្យបានច្រើន និងប្រជុំពិភាក្សាគ្នាជាប់ជាប្រចាំ ដើម្បីបង្កើនចំណេះដឹង ការស្វែងយល់ និងរកដំណោះស្រាយ ដើម្បីជាទុនគន្លឹះ ក្នុងការវិវត្តន៍ខ្លួនឱ្យក្លាយជាធនធានដ៏ល្អសម្រាប់ស្ថាប័ន និងប្រទេសជាតិ។

សាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានស្នើឱ្យថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកសុខាភិបាលទាំងអស់ ត្រូវសហការគ្នា ចូលរួមលើកតម្លៃស្ថាប័ន តាមរយៈការពង្រឹង និងរៀបចំជាសកម្មភាពដោយភាពបុរេសកម្ម ការតាមដាន អភិបាលកិច្ច និងការកែលម្អដើម្បីបង្កើនប្រសិទ្ធភាពស្ថាប័ន។ ពិសេសស្នើឱ្យនាយកដ្ឋាន រហូតដល់អគ្គនាយកដ្ឋាន និងថ្នាក់ដឹកនាំ សូមចូលរួមអនុវត្តនូវភារកិច្ចរៀងខ្លួនៗ ប្រកបដោយស្មារតីទទួលខុស សាមគ្គីភាព និងកែលម្អគ្នាដោយបង្កើតឱកាសក្នុងការនិយាយពិភាក្សាគ្នាឱ្យបានច្រើន ដើម្បីស្ថាប័នមានការរីកចម្រើន។

សូមបញ្ជាក់ផងដែរកិច្ចប្រជុំនេះរៀបចំឡើងតាមរយៈប្រព័ន្ធហាយប្រីដ៍ (Hybrid) និងមានការអញ្ជើញចូលរួមផ្ទាល់នៅទីស្តីការក្រសួងសុខាភិបាល ដោយរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សា អគ្គនាយក អគ្គនាយករង អគ្គាធិការ អគ្គាធិការរង ប្រធាននាយកដ្ឋាន នៃក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំជាទីប្រឹក្សាបណ្តាខេត្ត តាមប្រព័ន្ធអនឡាញ៕