(ភ្នំពេញ)៖ សាលាអន្តរជាតិសិង្ហបុរី (កម្ពុជា) SCIA កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ បានសម្ពោធ និងការផ្តល់ព័ត៌មានជាផ្លូវការស្ដីពីការប្រកួតកីឡាអន្តរជាតិរបស់សាលាអន្តរជាតិ SCIA ដោយមានកីឡាចំនួន០៣ប្រភេទគឺ កីឡាបាល់ទាត់ កីឡាបាល់ទះ និងកីឡាបាល់បោះ ដោយមានការចូលរួមពីបណ្ដាសាលាជាច្រើនផងដែរ។ ការប្រកួតនេះនឹងរៀបចំប្រព្រឹត្តទៅនៅថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៤ខាងមុខនេះ។

ក្នុងកម្មវិធីផ្តល់ព័ត៌មានស្ដីពីការប្រកួតកីឡាអន្តរជាតិនេះ មានការអញ្ជើញចូលរួមពី លោក ផន សុខ នាយកផ្នែកកីឡាទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា, នាយកសាលា សារព័ត៌មានជាតិ និងអន្តរជាតិ ពិសេសសិស្សានុសិស្សដែលជាកីឡាករ កីឡាការិនី ដែលបានរៀបចំឡើងនៅសាលាអន្តរជាតិសិង្ហបុរី (កម្ពុជា) SCIA រាជធានីភ្នំពេញ។

លោក Jeff Tan បានថ្លែងថា ការប្រកួតប្រជែងនេះមិនគ្រាន់តែការប្រកួតដើម្បីឈ្នះចាញ់នោះទេ តែជាការប្រកួតមួយដែលប្រារព្ធឡើងដោយរួមបញ្ចូលនូវសហគមន៍ទាំងសាលាអន្តរជាតិ និងសាលាសាធារណៈ ហើយព្រឹត្តិការណ៍នេះគឺជាឱកាសមួយសម្រាប់ពួកយើងក្នុងការសិក្សារៀនសូត្រពីគ្នាទៅវិញទៅមក និងសម្រុញព្រំដែននៃសក្តានុពលរបស់យើង ខណៈដែលកីឡាជាថាមពលពិសេសក្នុងការបំបែកឧបសគ្គ ពង្រឹងមិត្តភាព និងកសាងភាពជាដៃគូក្នុងសហគមន៍ផងដែរ។

លោកបានបន្ថែមថា លោកចង់ លើក ទឹក ចិត្ត អ្នក ចូល រួម ទាំង អស់ ឱ្យ ប្រកាន់ យក ស្មារតី នៃ ការ លេង ដោយ យុត្តិធម៌ ការ គោរព និង ការ ធ្វើ ការ ងារជា ក្រុម ដោយចងចាំថា ការប្រកួតប្រជែងនេះមិនមែនគ្រាន់តែជាការឈ្នះនោះទេ ប៉ុន្តែជាការផ្តល់នូវការខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាព គាំទ្រមិត្តរួមក្រុមរបស់អ្នក និងរីករាយជាមួយបទពិសោធន៍ថ្មីនេះ។

លោក ផន សុខ នាយកផ្នែកកីឡាទូទៅ នៃក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងកោតសរសើរដល់លោក Jeff Tan ព្រមជាមួយសហការីទាំងអស់ ដែលបានចូលរួមចំណែកក្នុងការលើកកម្ពស់វិស័យកីឡានៅកម្ពុជាក្នុងសាលារៀន ដែលមិនត្រឹមជាផ្នែកមួយជំរុញលើកកម្ពស់ចំពោះសុខភាព កាយសម្បទា បង្កើនសមត្ថភាពកីឡាជំនាញនោះទេ ប៉ុន្តែកីឡានេះជាព្រឹត្តិការណ៍ដែលបង្ហាញនូវសប្បាយរីករាយ បង្កើននូវសាមគ្គីភាព មិត្តភាព វីរភាព និងការគោរពគ្នាទៅវិញទៅមក។

លោកបានបន្តថា៖ «ខ្ញុំសូមស្វាគមន៍ អបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះការខិតខំរបស់សាលាអន្តរជាតិ SCIA ក្នុងដំណើរការរៀបចំការប្រកួតកីឡាលក្ខណៈអន្តរជាតិឆ្នាំ២០២៤នេះ ស្របតាមស្ដង់ដារបច្ចេកទេសនៃការប្រកួតនេះ និងការចូលរួមបានគ្រប់ជ្រុងជ្រោយ ជាពិសេសដោយមានការគាំទ្រ និងការចូលរួម ពីសហព័ន្ធកីឡាបាល់បោះ កីឡាបាល់ទាត់ និងសហព័ន្ធកីឡាបាល់ទះកម្ពុជា ជាពិសេសគឺការចូលរួមពីក្មួយៗដែលជាសិស្សានុសិស្សកីឡាករ កីឡាការនី ដែលមិនត្រឹមតែមានការចូលរួមពីសាលាឯកជននោះទេ ក៏មានការចូលរួមពីបណ្ដាសាលារដ្ឋផ្សេងទៀតផងដែរ»

គួរជម្រាបផងដែរថា រដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានកំណត់ដាក់ចេញនូវអាទិភាពស្នូល ៨ចំណុច និងកម្មវិធីគុណវុឌ្ឍិអប់រំកាយ និងកីឡា ដើម្បីធ្វើឱ្យកំណែទម្រង់វិស័យអប់រំ យុវជន និងកីឡា កាន់តែមានភាពល្អប្រសើរ ស្របទៅតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា៕