(ភ្នំពេញ)៖ ក្រុមកីឡាវាយសីថ្នាលកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួន ក្នុងការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ី (Badminton Asia Southeast Asia Regional Junior Championships) ឆ្នាំ២០២៤ នៅប្រទេសឡាវហើយ ដោយដណ្ដើមបានមេដាយសរុបចំនួន ១៤គ្រឿង។

ទន្ទឹមជាមួយការដណ្ដើមបានមេដាយជូនជាតិមាតុភូមិខាងលើ នៅយប់ថ្ងៃអាទិត្យនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារអបអរសាទរលើបណ្ដាញសង្គមផ្លូវការយ៉ាងដូច្នេះថា «អបអរសាទរ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដែលបានឈ្នះមេដាយចំនួន ១៤គ្រឿង (មេដាយប្រាក់ ៤ និងមេដាយសំរឹទ្ធ ១០) ក្នុងព្រឹត្តិការណ៍ប្រកួតវាយសីជើងឯកយុវជនអាស៊ី»។

គួរដឹងថា សហព័ន្ធកីឡាវាយសីកម្ពុជា បានបញ្ជូនក្រុមកីឡាករ-កីឡាការិនីវ័យក្មេង ដែលជាថ្នាលបន្ដវេនចំនួន ៨នាក់ចូលរួមការប្រកួតជើងឯកយុវជនអាស៊ី នៅប្រទេសឡាវ ចាប់ពីថ្ងៃទី២២-២៦ ខែឧសភា ឆ្នាំ២០២៤ ជាមួយក្រុមយុវជន ៤ប្រទេសផ្សេងទៀត គឺមានម្ចាស់ផ្ទះឡាវ ទីម័រខាងកើត មីយ៉ាន់ម៉ា និងប្រ៊ុយណេ ដែលប្រកួតលើប្រភេទវិញ្ញាសាអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំ។

ជាលទ្ធផលការប្រកួតក្រុមយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ២ និងសំរឹទ្ធ ៤ ខណៈក្រុមអាយុក្រោម ១៥ឆ្នាំ ដណ្ដើមបានមេដាយប្រាក់ ១ និងសំរឹទ្ធ ៥ ។ ចំណែកការប្រកួតក្រុមចម្រុះ គឺក្រុមអាយុក្រោម ១៥ឆ្នាំ ដណ្ដើមបានមេដាយប្រាក់ ១ និងក្រុមអាយុក្រោម ១៧ឆ្នាំ ដណ្ដើមបានមេដាយសំរឹទ្ធ ១ ។ សរុបទាំងអស់ ក្រុមកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយ ១៤គ្រឿង (ប្រាក់ ៤ និងសំរឹទ្ធ ១០) ។ ពិធីបំពាក់មេដាយប្រាក់ដល់អត្តពលិកកម្ពុជា ក៏មានការចូលរួមពីលោក ហ៊ុលក្រង ផាណង ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវផងដែរ។

លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធ បានឲ្យដឹងថា ថ្នាលយុវជន ដែលកម្ពុជាបានបញ្ជូនចូលរួមការប្រកួតជើងឯកយុវជនអាស៊ីឆ្នាំនេះ ភាគច្រើនជាកីឡាករ-កីឡាការិនីក្មេងខ្ចី ដែលទើបចូលរួមប្រកួតអន្ដរជាតិលើកដំបូង បន្ទាប់ពីសហព័ន្ធខិតខំបណ្ដុះបណ្ដាលកន្លងមក ។ ដូច្នេះទោះបីពុំទទួលបានមេដាយមាស តែសមិទ្ធផលនេះ សរបញ្ជាក់ឲ្យឃើញពីភាពរីកចម្រើនមួយកម្រិតទៀត សម្រាប់ធនធានបន្ដវេនកីឡាវាយសីកម្ពុជា ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ Badminton Asia Southeast Asia Regional Junior Championships គឺរៀបចំដោយសហព័ន្ធកីឡាវាយសីអាស៊ី(BA) ដែលផ្ដោតសំខាន់លើប្រទេសកំពុងមានការអភិវឌ្ឍលើវិស័យកីឡាមួយនេះ ដើម្បីផ្ដល់ឱកាសឲ្យយុវជនបានចូលរួមប្រកួត ដុសខាតសមត្ថភាព និងបច្ចេកទេស ឆ្ពោះទៅរកកម្រិតខ្ពស់ ។ ជាជំហានដំបូង ព្រឹត្តិការណ៍នេះ បានកំណត់បេក្ខភាពចូលរួមចំនួន ៥ប្រទេស រួមមានកម្ពុជា ឡាវ មីយ៉ាន់ម៉ា ប្រ៊ុយណេ និងទីម័រខាងកើត៕